កងកម្លាំងការពារអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៤ មិថុនា) បានចេញផ្សាយការវិភាគអំពីប្រតិបត្តិការនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ដោយប្រមុខយោធា លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) ដោយនិយាយថា ប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្កាហ្សាភាគខាងត្បូងមួយនេះ ជិតដល់ទីបញ្ចប់ហើយ។

លោក ហាលេវី បាននិយាយថា «យើងមានសមិទ្ធិផលកម្រិតខ្ពស់ខ្លាំងណាស់ពីការប្រយុទ្ធនៅក្រុងរ៉ាហ្វា»។ លោកបន្ថែមថា «យើងកំពុងខិតជិតដល់ចំណុចដែលយើងអាចនិយាយបានថា យើងបានកម្ចាត់កងពលតូចរបស់អង្គភាពហាម៉ាស នៅក្រុងរ៉ាហ្វា ជិតអស់ហើយ ដែលមានន័យថាប្រតិបត្តិការក៏ជិតបញ្ចប់ដូចគ្នា»។

យ៉ាងណាមិញ ក្រុមហាម៉ាស បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា ខ្លួនបានវាយប្រហារយោធាអ៊ីស្រាអែលនៅក្រុងរ៉ាហ្វា។ ក្រុមអ៊ីស្លាមនិយមមួយនេះទទូចថា អ៊ីស្រាអែលកំពុងច្រានចោលសំណើនៅក្នុងការចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តចំពោះសំណើបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ហើយអង្គភាពយោធារបស់លោកបាននិយាយថា កងកម្លាំងហាម៉ាស ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្កាហ្សា ជិតត្រូវលុបបំបាត់អស់ហើយ៕