សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ចត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់ នូវផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈកិច្ចការនេះជាផ្នែកមួយនៃការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ បងប្អូនអតីតយុទ្ធជននោះ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសាររបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺការសាងសង់នូវលំនៅដ្ឋានជូនដល់ពួកគាត់ឲ្យបានគ្រប់ៗគ្នាដែលពួកគាត់កំពុងជួបនូវការលំបាកនោះ។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជនចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ សរុបមានចំនួន ៥ ៥៦៩ខ្នង ហើយរហូតដល់ថ្ងៃនេះ៕អត្ថបទបាន ចក់






