ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ (២៥ មិថុនា) បានជំទាស់នឹងការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក ហ៊្សាឈី ហាណេកប៊ី (Tzachi Hanegbi) អំពី «ផែនការក្រោយសង្គ្រាម» នៅតំបន់ហ្កាហ្សាភាគខាងជើង ដោយនិយាយថាផែនការនោះនឹងមិនត្រូវបានអនុវត្តទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មានស៊ីនហួ ក្រុមហាម៉ាស បានសង្កត់ធ្ងន់ថាការលើកឡើងរបស់លោក ហាណេកប៊ី ស្តីពី «អនាគតក្រោយសង្គ្រាម» របស់ហ្កាហ្សា និងផែនការរបស់ខ្លួនឆ្លុះបញ្ចាំងពីការទទូចរបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺជារឿង «ឥតប្រយោជន៍»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា អនាគតហ្កាហ្សាស្ទ្រីប គួរតែត្រូវបានកំណត់ដោយប្រជាជនប៉ាឡេស្ទីនតែប៉ុណ្ណោះ ដោយបន្ថែមថា «ចលនាតស៊ូរបស់ខ្លួននឹងកាត់ផ្តាច់ដៃជើងនៃការកាន់កាប់ណាមួយ ដែលប៉ុនប៉ងជ្រៀតជ្រែកក្នុងជោគវាសនារបស់ប្រជាជន និងអនាគតរបស់ប៉ាឡេស្ទីន»។
លោក ហាណេកប៊ី បាននិយាយនៅមុននោះ ក្នុងសន្និសីទមួយនៅសាកលវិទ្យាល័យ រែចម៉ាន (Reichman) ក្នុងទីក្រុង ហើសលីយ៉ា (Herzliya) ថា «ផែនការក្រោយសង្គ្រាមសម្រាប់ក្រុមហាម៉ាស ត្រូវបានរៀបចំក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយយើងនឹងឃើញនូវការអនុវត្តន៍ជាក់ស្តែងនៃជំហាននេះក្នុងពេលឆាប់ៗនេះ»។
លោកបានអះអាងថា ការបង្កើតជម្រើសជំនួសក្រុមហាម៉ាស គឺចាំបាច់សម្រាប់ការទទួលបានជ័យជម្នះរយៈពេលវែង ដោយបញ្ជាក់ថា ជម្រើសនោះគួរតែជារដ្ឋាភិបាលដែលពឹងផ្អែកលើប្រជាជនក្នុងស្រុកដែលចង់រស់នៅជាមួយអ៊ីស្រាអែល និងទទួលបានការគាំទ្រពីបណ្ដារដ្ឋអារ៉ាប់ ដែលប្រកាន់ជំហរកណ្ដាល៕