អាជ្ញាធរឆ្មាំល្បាតឆ្នេររបស់ចិនដីគោកកាលពីថ្ងៃអង្គារបានព្រមាននាវា ឆ្មាំល្បាតឆ្នេរ របស់កោះតៃវ៉ាន់ក្បែរដែនទឹកនៅជិតកោះគីនមិន(Kinmen) ជាកោះតូចមួយនៅជិតចិនដីគោកក្នុងអំឡុងពេលល្បាត ជាទម្លាប់។

នាវាមួយចំនួនរបស់កោះតៃវ៉ាន់ បានឆ្លងកាត់ផ្លូវល្បាតនៃកងឆ្មាំល្បាតឆ្នេរហ្វូជៀនរបស់ចិន (CCG) ។
ពេលទទួលបានការព្រមានពីអាជ្ញាធរឆ្មាំល្បាតឆ្នេរដីគោក នាវាតៃវ៉ាន់បានត្រឡប់ក្រោយវិញហើយចាកចេញពីតំបន់នោះជាមួយគ្នា។
ការអនុវត្តសកម្មភាពល្បាត ដែលធ្វើឡើងដោយអាជ្ញាធរឆ្មាំល្បាតឆ្នេររបស់ចិនដីគោកនៅក្នុងដែនទឹកជុំវិញ កោះគីនមិន ត្រូវបានរៀបចំឡើងដើម្បីការពារសណ្តាប់ធ្នាប់នៃប្រតិបត្តិការនៅក្នុងតំបន់។

ចំណែកនៅក្នុងការចេញផ្សាយមួយដោយសារព័ត៌មាន Taiwan News បាននិយាយថា រដ្ឋបាលឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ហៅកាត់ថា (CGA) បានដេញនាវារបស់ឆ្មាំល្បាតឆ្នេរចិនចំនួន៤គ្រឿង ចេញពីដែនទឹកដែលមានការយាមកាមយ៉ាងតឹងរ៉ឹងរបស់កោះគីនមិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ ។
សារព័ត៌មាន CNA បានរាយការណ៍ថា នៅម៉ោងប្រហែល៥ព្រឹក កងកម្លាំងល្បាតឆ្នេររបស់ CGA បានប្រទះឃើញនាវាល្បាតឆ្នេរចិន កំពុងប្រមូលផ្ដុំគ្នានៅជិតកោះគីនមិន ។ ពួកគេបានចូលពីភាគខាងជើងនៃកោះប៉េទីង (Beiding) និងខាងត្បូងកោះកោះហ្វ៊ូស៊ីង (Fuxing) នៅម៉ោងប្រហែល៦ព្រឹក៕