រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានជួបសមភាគីអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) នៅមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ ដោយព្រមានថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចបង្កឱ្យមានសង្គ្រាមក្នុងតំបន់ និងបានជំរុញឱ្យមានដំណោះស្រាយផ្នែកការទូត។ សង្គ្រាមរយៈពេលជាង៨ខែ នៅតំបន់ហ្កាហ្សា បានបង្កើនភាពតានតឹងនៅទូទាំងតំបន់ ដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសលីបង់ បានបាញ់តគ្នា ស្ទើរតែរាល់ថ្ងៃ។

លោក Austin បាននិយាយថា សង្រ្គាមមួយផ្សេងទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចក្លាយទៅជាសង្រ្គាមក្នុងតំបន់យ៉ាងងាយស្រួល ដោយបង្កផលលំបាកខ្លាំងសម្រាប់តំបន់មជ្ឈិមបូព៌ា។ ផ្នែកការទូត គឺជាមធ្យោបាយល្អបំផុតដើម្បីទប់ស្កាត់ការរីកធំជម្លោះបន្ថែមទៀត។
លោក Gallant បាននិយាយនៅក្នុងជំនួបជាមួយ លោក Austin ថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែយើងក៏ត្រូវតែពិភាក្សាការត្រៀមខ្លួនជាស្រេច នៅគ្រប់សេណារីយ៉ូ ដែលអាចធ្វើទៅបាន។

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ផែនការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័តនិងមានសុពលភាព ក្នុងពេលមានការកើនឡើងការប៉ះទង្គិចគ្នាឆ្លងព្រំដែនកាន់តែខ្លាំង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការកាត់បន្ថយសីតុណ្ហភាព និងទប់ស្កាត់ជម្លោះរីកធំមួយផ្សេងទៀត នៅមជ្ឈិមបូព៌ា។
លោក Gallant បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីស្វែងរកការបញ្ជាក់ជាថ្មី នូវតម្លៃនៃទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកំពូលមួយរបស់អ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានស្តីបន្ទោសសហរដ្ឋអាមេរិកជាសាធារណៈ ចំពោះអ្វីដែលលោកបាននិយាយថា ជាការពន្យារពេលក្នុងការដឹកជញ្ជូនសព្វាវុធ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទូចថា ការដឹកជញ្ជូនគ្រាប់បែក ត្រូវបានផ្អាក ជុំវិញការព្រួយបារម្ភអំពីការប្រើប្រាស់នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ហើយការដឹកជញ្ជូនសព្វាវុធផ្សេងទៀតកំពុងដំណើរការ តាមធម្មតា។