បើតាមការបញ្ជាក់ពីឯកឧត្តម ឱម គឹមមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្រូវវស្សាប្រជាកសិករនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា ស្រូវវស្សាប្រជាកសិករចំនួន៥ស្រុកក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ពីសត្វដង្កូវហ្វូងបំផ្លាញ តិចតួចបំផុត ។
ស្រូវប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បាន និងកំពុងដុះលូតលាស់បានល្អ ដោយឡែកដង្កូវហ្វូងដែលកើតឡើងតិចតួចនោះ ត្រូវបានក្រុមមន្ត្រីជំនាញមន្ទីរកសិកម្ម និងប្រជាកសិករបានសម្លាប់ចោលស្ទើទាំងស្រុងហើយ។
ក្នុងពេលចុះបំពេញការងារ ឯកឧត្តម និងក្រុមការងារ បានប្រាប់ប្រជាកសិករអោយចេះពីវិធីងាយៗកំចាត់សត្វដង្កូវហ្វូង និងឧស្សាហ៍ពិនិត្យស្រូវរបស់យើងពេលមានឃើញដង្កូវហ្វូងនេះ ត្រូវរាយការណ៍ជូនអាជ្ញាធរភូមិឃុំ ព្រោះនៅតាមឃុំ គឺក្រសួងកសិកម្មបានដាក់មន្ត្រីកសិកម្មឃុំនៅទីនោះស្រាប់ហើយ គាត់អាចរាយការណ៍សុំអន្តរាគម និងជួយលឿនពីមន្ត្រីជំនាញកសិកម្ម ៕ កាំង ហុងវាស្នា



