សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងរៀបចំវគ្គបណ្ដុះបណ្ដាល “វិធីសាស្ត្រស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ” ឆ្នាំ២០២៤ ដែលមានរយៈពេល៤ខែ (រៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤)។
លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះថា សារមន្ទីរ នឹងជ្រើសរើសសិស្ស និស្សិត ចំនួន១៥នាក់ ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងស្វែងយល់ពីវិធីសាស្ត្រក្នុងការស្រាវជ្រាវជាមួយវាគ្មិនជំនាញ ធ្វើទស្សនកិច្ចសិក្សាទៅកាន់បណ្ណសារដ្ឋាននានា ទីតាំងប្រវត្តិសាស្រ្ដខ្មែរក្រហម និងមានឱកាសស្រាវជ្រាវពីប្រធានបទនានាក្នុងបរិបទប្រវត្តិសាស្រ្តកម្ពុជាប្រជាធិតេយ្យដើម្បីបោះពុម្ពផ្សាយ។ វគ្គបណ្ដុះបណ្ដាលនេះ គាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំដោយសារមន្ទីរទួលស្លែង និងឧបត្ថម្ភដោយមូលនិធិ ខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា។
លោក ហង្ស និស្ស័យ បានបញ្ជាក់ថា លក្ខខណ្ឌក្នុងការចូលរួម ជានិស្សិតមហាវិទ្យាល័យ ឆ្នាំទី២-ឆ្នាំទី៤ ដែលកំពុងសិក្សាលើមុខជំនាញ ប្រវត្តិវិទ្យា បុរាណវិទ្យា អក្សរសាស្ត្រ សង្គមវិទ្យា ឬមុខជំនាញដែលពាក់ព័ន្ធ និងវិទ្យាសាស្ត្រសង្គម៕ អត្ថបទ រដ្ឋា







