អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃពុធ (២៦ មិថុនា) នេះបានបញ្ជាឱ្យក្រុមហ៊ុនផលិតអាគុយលីចូមមួយកន្លែង បញ្ឈប់ប្រតិបត្តិការរោងចក្ររបស់ខ្លួនដោយគ្មានកំណត់ បន្ទាប់ពីអគ្គិភ័យបានសម្លាប់មនុស្ស ២៣ នាក់ ហើយបាននិយាយថាបុគ្គលិកក្រុមហ៊ុននេះបីនាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតលើការសង្ស័យថាបានបំពានច្បាប់សុវត្ថិភាពឧស្សាហកម្ម។

អគ្គិភ័យនៅក្រុមហ៊ុនផលិតអាគុយដែលមិនបានចុះបញ្ជី ឈ្មោះ អារីសែល (Aricell) កាលពីថ្ងៃចន្ទ គឺជាឧបទ្ទវហេតុឧស្សាហកម្មដែលមានមនុស្សស្លាប់ច្រើនបំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជារៀងរាល់ឆ្នាំ កម្មកររាប់សិបនាក់នៅកូរ៉េខាងត្បូង បានបាត់បង់ជីវិតដោយសារការងារ បើទោះបីជាមានច្បាប់តឹងរ៉ឹង និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀតដើម្បីបង្កើនសុវត្ថិភាពក៏ដោយ។

ក្រុមហ៊ុន ដែលមានទីតាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មនៅភាគនិរតីនៃទីក្រុងសេអ៊ូល គឺទីក្រុង ហ្វាសុង (Hwaseong) ត្រូវបានបញ្ជាឱ្យបិទរោងចក្រតែមួយគត់របស់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ នេះបើតាមមន្ត្រីក្រសួងការងារ លោក មីន ហ្គីល-សូ (Min Gil-soo) បានប្រាប់សន្និសីទសារព័ត៌មាន។
ឈ្មោះ និងឋានន្តរស័ក្តិរបស់បុគ្គលិកក្រុមហ៊ុន អារីសែល ដែលស្ថិតនៅក្រោមការស៊ើបអង្កេតនោះមិនត្រូវបានបង្ហាញឱ្យដឹងទេ។ ការបំពានលើក្រមសុវត្ថិភាពឧស្សាហកម្មឆ្នាំ២០២២ អាចបណ្តាលឱ្យមានការជាប់ពន្ធនាគារសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរ។ នាយកប្រតិបត្តិ អារីសែល លោក ផាក សុនខ្វាន់ )Park Soon-kwan) បានសូមអភ័យទោសកាលពីថ្ងៃអង្គារ ចំពោះអគ្គិភ័យនេះ ប៉ុន្តែបាននិយាយថា ក្រុមហ៊ុនបានគោរពតាមបទប្បញ្ញត្តិសុវត្ថិភាព និងតម្រូវការបណ្តុះបណ្តាលទាំងអស់៕
