មន្ត្រីម្នាក់នៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានសម្លាប់មនុស្សជាង ១៧០ នាក់ និងកន្លះលាននាក់បានផ្លាស់ទីលំនៅនៅភាគខាងត្បូងប្រទេសប្រេស៊ីល គឺជាសញ្ញាព្រមាននៃគ្រោះមហន្តរាយបន្ថែមទៀតដែលនឹងកើតឡើងនៅទូទាំងទ្វីបអាមេរិក ដោយសារតែបម្រែបម្រួលអាកាសធាតុ។

មនុស្សប្រហែល ៣៨៩.០០០ នាក់នៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) នៅតែត្រូវជម្លៀសចេញពីផ្ទះសម្បែងដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលមន្ត្រីក្នុងតំបន់និយាយថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់នេះ។ អ្នកវិទ្យាសាស្ត្រនិយាយថា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទឹកជំនន់ ទំនងជាកើតឡើងទ្វេដងខុសពីធម្មតា។

លោក អាន់ឌ្រូ ហាភឺ (Andrew Harper) ទីប្រឹក្សាពិសេសស្តីពីសកម្មភាពអាកាសធាតុដល់ទីភ្នាក់ងារជនភៀសខ្លួន UNHCR បានទៅពិនិត្យតំបន់ប្រជុំជនដែលប៉ះពាល់ដោយទឹកជំនន់ក្នុងរដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋកាលពីចុងសប្តាហ៍ ហើយបាននិយាយថា គ្រោះទឹកជំនន់លើសពីការរំពឹងទុកទាំងអស់ដែលអាជ្ញាធរមូលដ្ឋានមាន ចំពោះគ្រោះមហន្តរាយអាកាសធាតុ ហើយរដ្ឋាភិបាលត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីត្រៀមទប់ទល់ព្រឹត្តិការណ៍អាក្រក់ទាំងនេះ។

ទោះបន្ទាប់ពីទឹកជំនន់បានស្រកហើយក៏ដោយ ក៏អ្នកស្រុកមិនអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបានទេ ដោយសារផ្លូវពោរពេញដោយសំរាម និងកំទេចកំទី។ មនុស្សជាច្រើននៅតែរស់នៅក្នុងជម្រក រួមទាំងក្រុមជនភៀសខ្លួនវេណេស៊ុយអេឡា ដែលទើបបានតាំងទីលំនៅថ្មីនៅទីក្រុងដែលរងគ្រោះដោយទឹកជំនន់មួយនេះ៕