អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះ ដែលមានយន្តហោះយោធាចំនួន ២៦ គ្រឿង ព្រមទាំងនាវាចម្បាំង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន មិនបានលាក់បាំងពីការមិនពេញចិត្តរបស់ខ្លួនលើមេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលខ្លួនចាត់ទុកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមុន។

អាជ្ញាធរការពារជាតិកោះនេះនិយាយថា ចាប់ពីម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។

កាលពីសប្តាហ៍មុន ប្រទេសចិន បានគម្រាមប្រហារជីវិតជនផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ នៅក្នុងករណីធ្ងន់ធ្ងរ ដោយនេះជាការកើនឡើងបន្ថែមទៀតនៃភាពតានតឹង ដែលទាក់ទាញការថ្កោលទោសពីលោក ឡៃ និងរដ្ឋាភិបាលរបស់ខ្លួន ក៏ដូចជាពីសហរដ្ឋអាមេរិកផងដែរ៕