សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់មនុស្ស ៥នាក់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ វត្ថុតាងគ្រឿងញៀនជិត ១៤៨គីឡូក្រាម ។
អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា មនុស្ស ៥នាក់ វត្ថុតាងគ្រឿងញៀនជិត ១៤៨គីឡូក្រាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សូមជម្រាបឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ៣ដុំ ស្មើនឹង ៣គីឡូក្រាម។
បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យ ចំនួន ៤នាក់បន្ថែមទៀត ជនជាតិតៃវ៉ាន់ ៣នាក់ និងជនជាតិជប៉ុន ១នាក់ នៅចំណុច បុរី អ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រមទាំងបានបន្តឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចំនួន ៣ទីតាំងផ្សេងគ្នា រកឃើញថ្នាំញៀន ប្រភេទ កេតាមីន ចំនួន ១៤២ដុំ ស្មើនឹង ១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀន ចំនួន ២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង , ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត ១គីឡូក្រាម) ចំនួន ២០០កញ្ចប់។
សមត្ថកិច្ចបញ្ជាក់ថា ឧក្រិដ្ឋគ្រឿងញៀនទាំង ៥នាក់ ទី១៖ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ,ទី២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ,ទី៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ និង ទី៥៖ ឈ្មោះ ហ្វាន យានគួយ អាយុ២៦ឆ្នាំ ។
ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕ តារាវុទ្ធី




