ប្រធានាធិបតី គុយបា លោក មីហ្គែល ឌៀស ខានែល(Miguel Diaz-Canel) កាលពីថ្ងៃអង្គារ បានចាត់ទុកថា វាជាការគួរឲ្យខឹងសម្បារ ដែលសហរដ្ឋអាមេរិក បានដាក់បញ្ចូលកោះនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ទៅក្នុងបញ្ជីប្រទេសដែលពុំបានបំពេញតាមស្តង់ដារអប្បបរមាសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោក Diaz-Canel បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា សហរដ្ឋអាមេរិក បានចុះបញ្ជីប្រទេសគុយបា ម្តងទៀត នៅលើរបាយការណ៍របស់ខ្លួនស្តីពីការជួញដូរមនុស្ស។ យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ថា ប្រទេសគុយបា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាការជួញដូរមនុស្សខ្ពស់បំផុត រួមជាមួយប្រទេសនីការ៉ាហ្គ័រ និងប្រទេសវេណេស៊ុយអេឡា។

របាយការណ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលគុយបា ពីការបរាជ័យក្នុងការឈានទៅរកការលុបបំបាត់មហន្តរាយ ហើយបានចាត់ទុកកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិរបស់ប្រទេសគុយបា ថាជាទម្រង់នៃការជួញដូរមនុស្ស ដែលបង្ខំឱ្យគ្រូពេទ្យគុយបា ទៅធ្វើការនៅក្រៅប្រទេស។
លោក Diaz-Canel បានឆ្លើយតបទៅនឹងរបាយការណ៍ថា គ្រប់គ្រាន់ហើយចំពោះការប្រមាថមើលស្រាល បង្ហាញដោយ លោក Blinken។ ការដាក់ទណ្ឌកម្ម លើប្រទេសគុយបា អាចរួមបញ្ចូលការដាក់ទណ្ឌកម្មជាច្រើនដូចជា ការបង្កកជំនួយមិនមែនមនុស្សធម៌ និងពុំមែនពាណិជ្ជកម្ម ឬការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តប្រាក់កម្ចីដល់ប្រទេសគុយបា ពីស្ថាប័នពហុភាគី។