នាព្រឹកថ្ងៃទី២៦មិថុនាឆ្នាំ២០២៤ លោក សង់ រីហា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "ក្រោមប្រធានបទរួមគ្នាវិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" ។
ក្នុងឱកាសនោះដែរលោក សង់ រីហា បានកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបង្រ្កាបទប់ស្កាត់កន្លងមករបស់ស្ថានប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បង្រ្កាបទប់ស្កាត់បានល្អប្រសើរ។
លោកអភិបាលរងខេត្តបានឲ្យដឹងថា ការដែលយើងបង្រ្កាបទប់ស្កាត់បានល្អប្រសើរដូច្នេះបានហើយនោះគម្បីយើងត្រូវបន្តការខិតខំអនុវត្តការងារនេះបន្តទៀតឲ្យទទួលលទ្ធផលល្អប្រសើរបន្ថែមទៀតដើម្បីសហគមន៌យើងគ្មានគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀន ស្របតាមពាក្យស្លោកប្រធានទ "រួមគ្នាវិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន"។
យ៉ាងណាម៉ិញលោកអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែងក្នុងករណីធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីរាជការ ក្នុងខេត្តនិងតាមបណ្តាលក្រុងស្រុក ទាំងប្រាំកន្លងមក មន្រ្តីជំនាញបានពិនិត្យរកឃើញអ្នកមានសារធាតុញៀនចំនួន ០១នាក់ ដែលពាក់ព័ន្ធមានសារធាតុញៀនបញ្ហានេះ យើងមិនអាចធ្វើការលើកលែងបានឡើយ និងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ត្រូវបណ្តេញចេញពីគ្រប់ខណ្ឌមន្រ្តីរាជការផងដែរ ។
លោកអភិបាលរងខេត្ត សូមអស់លោកដែលជាមន្រ្តីរាជការ និងកម្លាំង និងសិស្សានុសិស្សទាំងអស់ធ្វើយ៉ាងណាត្រូវបង្ការទប់ស្កាត់ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនមិនបានផ្តល់ផលប្រយោជន៍អ្វីដល់សង្គមនោះឡើយ និងធ្វើឲ្យក្រុមគ្រួសាររបស់បងប្អូនមានវិប្បដិសារី អស់មួយជីវិតផងដែរ៕







