អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារ បានទទូចឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ ផ្តល់មូលនិធិដែលត្រូវការសម្រាប់ផែនការមនុស្សធម៌ថាជា «បញ្ហានៃភាពបន្ទាន់»។

លោក Guterres បាននិយាយនៅក្នុងសារវីដេអូរបស់លោក ទៅកាន់ផ្នែកកិច្ចការមនុស្សធម៌នៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម របស់អង្គការសហប្រជាជាតិ (ECOSOC) ដែលធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ថា ជិតពាក់កណ្តាលឆ្នាំនេះ ម្ចាស់ជំនួយបានផ្តល់ត្រឹមតែ៨ពាន់លានដុល្លារប៉ុណ្ណោះ នៃមូលនិធិចំនួន៤៨ពាន់លានដុល្លារ ដែលត្រូវការ សម្រាប់កម្មវិធីជំនួយមនុស្សធម៌ជួយសង្គ្រោះជីវិត។

ប្រមុខអង្គការសហប្រជាជាតិ បានព្រមានថា កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ ត្រូវបានបំផ្លាញដោយកង្វះការផ្តល់មូលនិធិ។ លោក និយាយថា ឆ្នាំនេះជាខួបលើកទី៧៥ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ប៉ុន្តែជម្លោះ ការមិនគោរពច្បាប់នៃសង្រ្គាម និងវិបត្តិអាកាសធាតុ កំពុងបង្កើតទុក្ខលំបាកដ៏គួរឱ្យព្រួយបារម្ភសម្រាប់មនុស្សជាតិ។

នៅតំបន់ហ្កាហ្សា ប្រជាជនច្រើនជាងបីភាគបួន ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋាន។ នៅក្នុងប្រទេសស៊ូដង់ រយៈពេលជាងមួយឆ្នាំនៃការប្រយុទ្ធគ្នាយ៉ាងឃោរឃៅ ការវាយប្រហារដោយមិនរើសអើងលើជនស៊ីវិល និងអំពើហឹង្សាដោយសារជាតិសាសន៍ បានបង្កើតវិបត្តិជនភៀសខ្លួនច្រើនបំផុតរបស់ពិភពលោក។ លោក និយាយថា គំរូដ៏ឃោរឃៅដូចគ្នានៃការរងទុក្ខរបស់ជនស៊ីវិលអាចត្រូវបានគេមើលឃើញពីប្រទេសហៃទី រហូតដល់ប្រទេសអ៊ុយក្រែន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សហភាពមីយ៉ាន់ម៉ា និងហួសពីនេះទៅទៀត។
ទន្ទឹមនឹងនេះ សហគមន៍ និងប្រទេសនានាដែលងាយរងគ្រោះ កំពុងទទួលរងផលប៉ះពាល់មនុស្សធម៌ និងសេដ្ឋកិច្ច នៃវិបត្តិអាកាសធាតុ។ យោងតាមលោក Guterres បានឱ្យដឹងថា នៅប្រទេសអាហ្វ្រិកខាងត្បូងតែមួយ មនុស្សជាង៦០លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងស្ថានភាពអាកាសធាតុមិនអំណោយផលខ្លាំងផ្សេងទៀត។
លោក និយាយថា នៅទូទាំងពិភពលោក កត្តាទាំងនេះ កំពុងជំរុញឱ្យមានកម្រិតតម្រូវការខ្លាំងផ្នែកមនុស្សធម៌ ដែលរួមមានកម្រិតនៃភាពអត់ឃ្លាន និងការភៀសខ្លួន។