ភ្នំពេញ ៖ ថ្នាក់ដឹកនាំសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំចងក្រងឯកសារក្នុងការផ្សព្វផ្សាយអំពីគុណតម្លៃនៃសន្តិភាព។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងកំពុងតែប្រមូល និងចងក្រងឯកសារក្នុងការផ្សព្វផ្សាយអំពីគុណតម្លៃនៃសន្តិភាព ក្រៅពីនោះក្នុងខែកក្កដា យើងមានកម្មវិធីសារមនី្ទរចល័ត មានន័យថាក្រុមការងាររបស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះទៅដល់ទីតាំងសាលារៀននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយអំពីប្រវតិ្តសាស្រ្តខ្មែរក្រហម និងបង្ហាញអំពីតួនាទីរបស់សារមនី្ទរ ក្នុងការផ្សព្វផ្សាយថែរក្សាអភិរក្ស ផ្សៈផ្សាជូនដល់សិស្សានុសិស្ស។ បច្ចុប្បន្នសមុច្ច័យសំខាន់ៗ ដែលមាននៅក្នុងសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បែងចែកជា៣ប្រភេទ គឺទី១.ប្រភេទឯកសារ (ហ្វីលរូបថត ចម្លើយសារភាព និង), ទី២.ប្រភេទឧបករណ៍ វត្ថុតាង ធ្វើទារុណកម្ម(ខ្នោះឃ្នាង) និងទី៣.ប្រភេទវត្ថុតាងជាក្រណាត់ និងសំណល់ឆ្អឹងលលាដ៍ក្បាល រៀបចំធ្វើជាផែនទី ក្នុងអំឡុងពេលឆ្នាំ១៩៨០ (សម្លៀកបំពាក់ជនរងគ្រោះ)។
ជាចុងក្រោយលោក បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ ក៏កំពុងសិក្សារៀបចំលើកិច្ចការអភិរក្ស ដោយប្រឹក្សាជាមួយមន្រី្តបច្ចេកទេស ដើម្បីរកអ្នកជំនាញក្នុងការអភិរក្សអគារសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ព្រោះថាអគារនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៦២ មានវ័យចំណាស់ ដែលទាមទារឲ្យមានការអភិរក្ស ហើយមកដល់ពេលនេះយើងបានធ្វើការប្រឹក្សាជាមួយអ្នកជំនាញ កំពុងសិក្សាទៅលើទីតាំងដែលមានផលប៉ះពាល់ខ្លាំង និងកំពុងធ្វើការជាមួយអង្គការ GIZ ដើម្បីស្វែងរកជំនួយក្នុងការស្វែងរកអ្នកជំនាញក្នុងការអភិរក្សទីតាំងអគារនេះផងដែរ៕
អត្ថបទ៖ រដ្ឋា



















