ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំកម្ពុជា បានរបូតឱកាសឡើងវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទះជើងឯកយុវជនអាស៊ី Asian Men's U20 Volleyball Championship 2024 បន្ទាប់ពីចាញ់ក្រុមក្រុមជម្រើសជាតិ U20 វៀតណាម ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣-២ សិត ក្នុងវគ្គជម្រុះ នៅទឹកដីកណ្ដាល នៃកីឡដ្ឋាន Nakhon Pathom Gym ប្រទេសថៃ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។
នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជូនក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ បន្ទាប់ពីប្រមូលផ្ដុំហ្វឹកហាត់បានរយៈពេល ៦សប្ដាហ៍ ។
សម្រាប់ជំនួបវគ្គជម្រុះដ៏ស្វិតស្វាញនេះដែរ ក្រុមទាំងពីរ បានយកឈ្នះគ្នាទៅវិញទៅមក ពិសេសកម្ពុជា ដែលបាននាំមុខជ័យជម្នះ ២៥-២១ពិន្ទុ នៅសិតទី១ មុនវៀតណាម យកឈ្នះវិញ ២៥-១៦ នៅសិតទី២ ។ បន្ទាប់មកកម្ពុជា ក៏បានយកឈុ្នះជាថ្មី នៅសិតទី៣ ដោយពិន្ទុ ២៥-២០ ហើយវៀតណាម ក៏បានតាមវិញ ជាមួយជម្នះ ២៥-២២ នៅសិតទី៤ ។
ឈានដល់សិតទី៥ ដែលជាការប្រកួតកាត់សេចក្ដីត្រឹម ១៥ពិន្ទុ ក្រុមបាល់ទះ U20 កម្ពុជា ដែលខ្វះបទពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិ ហាក់ធ្វើមិនសូវបានល្អប្រសើរនោះទេ ដោយភ្លាត់ចាញ់ក្រុម U20 វៀតណាម រហូតដល់ ១៥-៥ពិន្ទុ នាំឲ្យកម្ពុជា របូតឱកាសឡើងវគ្គចែកពូល ស្របពេលវៀតណាម បានទទួលកៅអីឡើងបង្គ្រប់ពូលD នៃនៃព្រឹត្តិការណ៍ Asian Men's U20 Volleyball Championship 2024 ជាមួយថៃ កាហ្សាក់ស្ថាន និងសាធារណរដ្ឋកូរ៉េ ដែលនឹងធ្វើការប្រកួតពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ៕
អត្ថបទ លី ឈុនឡា