
រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើទឹកចិត្តដល់ជយលាភីព្រឹត្តិការណ៍កីឡាអន្ដរជាតិចំនួន ៤ រួមមានការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩, ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក, ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ និងការប្រកួតកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ៤២៣,៧០០,០០០រៀល ។
ពិធីប្រគល់ប្រាក់រង្វាន់លើទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ ចំពោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលទទួលបាននូវការលើកទឹកចិត្តពីរាជរដ្ឋាភិបាល បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង រហូតដណ្ដើមបានមេដាយជូនជាតិ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដការតិខំប្រឹងហ្វឹកហាត់ ដោយប្រកាន់ភ្ជាប់នូវកំណែទម្រង់អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដើម្បីអភិវឌ្ឍជំនាញកម្រិតខ្ពស់ ឆ្ពោះទៅរកឧត្តមភាព និងការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍អន្ដរជាតិនានា នៅថ្ងៃខាងមុខបន្ថែមទៀត ។
ទន្ទឹមជាមួយគ្នា កីឡាករ ណាង សុវណ្ណ ម្ចាស់មេដាយមាសកីឡាគុនល្បុក្កតោជើងឯកអាស៊ីអាគ្នេយ៍ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ និងលើទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ រូបគេប្ដេជ្ញានឹងបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ក៏ដូចជាដើម្បីជំរុញការផ្សព្វផ្សាយនូវក្បាច់គុនអត្តសញ្ញាណជាតិនេះផងដែរ ។
ឯកឧត្តម ប៊ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ជយលាភីដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលនេះ រួមមានកីឡាការ៉ាតេ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន និងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី លើកទី១៨ នៅប្រទេសអ៊ូបេគីស្ថាន ក្រុមកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ។

ចំណែកកីឡាប៉េតង់ ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសបេនីន ព្រមទាំងកីឡាគុនល្បុក្កតោ ដែលដណ្ដើមបានមេដាយសរុប ១១គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ៥ និងសំរឹទ្ធ ២គ្រឿង ក្នុងការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៣ ។ សរុបប្រាក់រង្វាន់ នៃជយលាភីទាំង ៤ព្រឹត្តិការណ៍កីឡា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់សរុបចំនួន ៤២៣,៧០០,០០០រៀល ៕
អត្ថបទ លី ឈុនឡា



