
តំណាងអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ប្រទេសរុស្ស៊ី គាំទ្រការទាមទាររបស់ស៊ីរីដែលថា កងទ័ពទាំងអស់ដែលមានវត្តមានខុសច្បាប់នៅក្នុងប្រទេសនេះ ត្រូវតែដកចេញ។
លោក Nebenzya បានបញ្ជាក់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពមនុស្សធម៌ និងនយោបាយ នៅប្រទេសស៊ីរីថា៖«ស្ថានភាពនៅក្នុងតំបន់ នៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំងក្លា ចំពេលមានសកម្មភាពយោធាដែលកំពុងបន្ត នៅក្នុងតំបន់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងហានិភ័យខ្ពស់ដែលប្រទេសជិតខាង នឹងចូលរួម។ ទន្ទឹមនឹងនោះ មូលហេតុនៃការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ នៅក្នុងប្រទេសស៊ីរី កាន់តែកើនឡើង»។
លោកបានបន្ថែមថា៖«កម្រិតនៃភាពតានតឹងក៏ នៅតែខ្ពស់ នៅក្នុងតំបន់នានា ដែលទីក្រុងដាម៉ាស (Damascus) មិនអាចគ្រប់គ្រងបាន ដោយសារមានកន្លែងបណ្តុះបណ្តាលភេរវកម្មជាច្រើន នៅក្នុង ទីក្រុង Idlib និងនៅក្នុងតំបន់ដែលប្រទេសទួរគី ធ្វើប្រតិបត្តិការ។ ដូច្នេះហើយ យើងគាំទ្រការទាមទារស្របច្បាប់របស់អាជ្ញាធរស៊ីរីដែលថា កងទ័ពទាំងអស់ដែលមានវត្តមានខុសច្បាប់ នៅក្នុងប្រទេសនេះ ត្រូវតែដកចេញ ជាដាច់ខាត។