ប្រណាំងកង់៖ អ្នកការពារជើងឯកការប្រកួតប្រណាំងកង់ Grand Tour, Vuelta a Espana កីឡាករស្លូវេនី Primoz Roglic បានឡើងមកនាំមុខគេក្នុងតារាងរួមហើយ ក្រោយបញ្ចប់ដំណាក់កាលទី៦ នៅចំណាត់ថ្នាក់លេខ២។

ដំណាក់កាលទី៦ ដែលមានចម្ងាយផ្លូវ ១៥៨.៣គីឡូម៉ែត្រ ដែលជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំនោះ កីឡាករដណឺម៉ាក Magnus Cort Nielsen របស់ក្រុមប្រណាំង EF Education គឺជាអ្នកឈ្នះដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ៣០នាទី ៥៣វិនាទី។ កីឡាកររបស់ក្រុម Jumbo-Visma, Primoz Roglic មកដល់ទីចំណាត់ថ្នាក់លេខ២ តាមពីក្រោយ ៦វិនាទី និងលេខ៣ កីឡាករអ៊ីតាលី Andrea Bagioli របស់ក្រុម Deceunick Quick Step យឺតជាង ១០វិនាទី។
ក្រោយ ៦ដំណាក់កាលនេះ Primoz Roglic បានឡើងមកឈរលើគេវិញក្នុងតារាងរួមដោយមានវេលាសរុប ២១ម៉ោង ៤នាទី ៤៩វិនាទី តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Enric Mas, កីឡាករកូឡុំប៊ី Miguel Angel Lopez, កីឡាករអេស្ប៉ាញ Alejandro Valvered ដោយកីឡាករទាំង ៣នាក់នេះសុទ្ធតែមកពីក្រុម Movistar ទាំងអស់។ Vuelta a Espana ឈានមកដល់ដំណាក់កាលទី៧ ថ្ងៃនេះមានចម្ងាយផ្លូវ ១៥២គីឡូម៉ែត្៕
អត្ថបទ៖នាង សុភាវុធ