
ប្រទេសហ្វីលីពីនបានផ្ញើលិខិតការទូតទៅកាន់ប្រទេសចិន ហើយកំពុងសម្លឹងដល់ការចរចាជាមួយទីក្រុងប៉េកាំងឆាប់ៗនេះ បន្ទាប់ពីមានការប៉ះទង្គិច កាលពីសប្តាហ៍មុន នៅសមុទ្រចិនខាងត្បូង។ នេះបើតាមប្រមុខទទួលបន្ទុកកិច្ចការបរទេសរបស់ក្រុងម៉ានីល។
នៅក្នុងវេទិកាមួយ នាថ្ងៃពុធ (ទី២៦ ខែមិថុនា) នេះ រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo បាននិយាយថា៖ «គ្មានប្រទេសណាមួយអាចទាមទារស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូង ជាទឹកដីរបស់ខ្លួននោះទេ»។ ក្រោយមកលោកបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលហ្វីលីពីន បានផ្ញើលិខិតទៅកាន់ប្រទេសចិន។
លោក Manalo បាននិយាយថា ការសន្ទនាជាមួយប្រទេសចិន អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ តាមរយៈយន្តការពិគ្រោះយោបល់ទ្វេភាគី ស្តីពីជម្លោះដែនសមុទ្រដែលបានបង្កើតឡើង រវាងប្រជាជាតិទាំង២ នៅមុននេះ។
នៅពេលត្រូវបានសួរថា តើហ្វីលីពីនកំពុងស្វែងរកការបន្ធូរបន្ថយភាពតានតឹងជាមួយចិន ជុំវិញដែនទឹកដែលមានជម្លោះដែរ ឬទេ លោកបានឆ្លើយថា៖ «យើងប្តេជ្ញាចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យមានសន្តិភាព និងស្ថិរភាព ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីលើកកម្ពស់កិច្ចការទាំងនោះ ដោយមិនលះបង់សិទ្ធិ និងអធិបតេយ្យភាពរបស់យើងនោះឡើយ»។
គួរបញ្ជាក់ថា លោក Manalo បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៧ ខែមិថុនា រវាងនាវាចិន និងហ្វីលីពីន នៅក្នុងដែនទឹកជម្លោះ ដែលទីក្រុងម៉ានីល បានអះអាងថា គឺជា «សកម្មភាពដែលធ្វើឡើងដោយចេតនា» របស់ទីក្រុងប៉េកាំង ហើយហេតុការណ៍នោះបាននាំឲ្យទាហានហ្វីលីពីនម្នាក់ដាច់ម្រាមដៃ។ តែប្រទេសចិនបានអះអាងថា សកម្មភាពរបស់ខ្លួន គឺស្របច្បាប់៕