
ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា វីដេអូនៃបុរសជនជាតិប៉ាឡេស្ទីនដែលរងរបួស ត្រូវបានគេចងជាប់ទៅនឹងរថយន្ត Jeep របស់កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះករណីនេះ។
នៅឯសន្និសីទព័ត៌មានរបស់ក្រសួងការបរទេស អ្នកយកព័ត៌មានម្នាក់ បានសួរថា «តើនោះមិនមែនជាមូលដ្ឋានដែលកងទ័ពប្រើប៉ាឡេស្ទីន ជាខែលការពារមនុស្សទេឬ?»។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានឆ្លើយតបថា៖«ខ្ញុំនឹងនិយាយថា យើងបានឃើញវីដេអូនោះ។ វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។ ការអនុវត្តបែបនេះ ពិតជាមិនអាចទទួលយកបាន ទេ។ មនុស្ស មិនគួរប្រើជាខែលការពារមនុស្សទេ»។
លោក Miller បាននិយាយដោយប្រើពាក្យកាត់សម្រាប់កងកម្លាំងការពារអ៊ីស្រាអែលថា៖ « IDF គួរតែស៊ើបអង្កេតភ្លាមៗនូវអ្វី ដែលបានកើតឡើង ដើម្បីស្វែងរកអ្នកទទួលខុសត្រូវចំពោះទង្វើនេះ»។
យោធាអ៊ីស្រាអែល បាននិយាយថា កាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែល បានចងបុរសជនជាតិប៉ាឡេស្ទីនម្នាក់ដែលរងរបួសទៅនឹងគម្របក្បាលរថយន្តjeepរបស់យោធា ក្នុងអំឡុងពេលការវាយឆ្មក់ចាប់ខ្លួន នៅទីក្រុង Jenin នៃតំបន់វេសបែង។