
អ្នកនាំពាក្យមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បានលើកឡើងពីលទ្ធភាពនៃកងទ័ពកូរ៉េខាងជើងក្លាយជា «សពក្នុងសង្គ្រាម» ប្រសិនបើពួកគេត្រូវបានបញ្ជូនទៅប្រយុទ្ធរួមជាមួយកងកម្លាំងរុស្ស៊ី នៅប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Pat Ryder បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែលការពង្រឹងទំនាក់ទំនងយោធា រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានបង្កឲ្យមានការរំពឹងទុកថា រុស្ស៊ីអាចស្នើឲ្យកូរ៉េខាងជើងប្តេជ្ញាចិត្តបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រាម នៅអ៊ុយក្រែន។
លោក Ryder បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់គ្រងបុគ្គលិកយោធាកូរ៉េខាងជើង ខ្ញុំនឹងមានការសង្ស័យលើជម្រើសរបស់ខ្ញុំ ជុំវិញការបញ្ជូនកងកម្លាំងរបស់ខ្ញុំឲ្យទៅស្លាប់ នៅក្នុងសង្គ្រាមខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន។ ហើយយើងបានឃើញការស្លាប់ និងរបួសជាច្រើន។ ប៉ុន្តែជាថ្មីម្តងទៀត ជាអ្វីដែលយើងនឹងតាមដានយ៉ាងដិតដល់»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានពាក់ព័ន្ធនឹងលក្ខខណ្ឌអំពាវនាវឲ្យភាគីម្ខាងផ្តល់ជំនួយយោធា «ដោយគ្មានការពន្យារពេល» នៅក្នុងករណីមានការលុកលុយដោយប្រដាប់អាវុធ ពោលគឺជាការសន្យាដែលស្មើនឹងការធ្វើឲ្យរស់ឡើងវិញនូវសម្ព័ន្ធភាពយោធាសម័យសង្រ្គាមត្រជាក់របស់ពួកគេ៕