
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះចំនួន ៤នាក់ ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃអង្គារ (ទី២៥ ខែមិថុនា) បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងខិតទៅជិតនឹងការដកបម្រាមជាក់ស្តែងលើសហគ្រិនម៉ៅការយោធាអាមេរិកដែលដាក់ពង្រាយ នៅប្រទេសអ៊ុយក្រែន។
ចំណាត់ការបែបនេះ នឹងជួយឲ្យយោធាអ៊ុយក្រែនរក្សា និងជួសជុលប្រព័ន្ធសព្វាវុធ ដែលផ្តល់ដោយក្រុងវ៉ាស៊ីនតោនបានលឿនជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍ថា គ្រឿងយុទ្ធោបករណ៍ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក និងដែលរងការខូចខាតខ្លាំង ក្នុងការប្រយុទ្ធ ត្រូវបានយកទៅកាន់ប្រទេសប៉ូឡូញ រូម៉ានី ឬប្រទេសផ្សេងទៀតរបស់អង្គការណាតូ ដើម្បីជួសជុល ដែលការធ្វើបែបនេះ ត្រូវចំណាយពេលយូរ។
តែយ៉ាងណាក្ដី ប្រភពទាំងនោះបានប្រាប់ថា គោលនយោបាយនេះនៅតែកំពុងដំណើរការ ហើយមិនទាន់ទទួលបានការយល់ព្រមចុងក្រោយពីប្រធានាធិបតីអាមេរិក លោក Joe Biden នោះទេ។
អមដោយការច្រានចោលការពីការបញ្ជូនកងទ័ពរបស់លោក Biden ទៅកាន់ប្រទេសអ៊ុយក្រែននោះ មន្ត្រីរដ្ឋបាលដែលមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា៖ «យើងមិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ ហើយការពិភាក្សាណាមួយអំពីរឿងនេះ គឺមិនកើតឡើងឆាប់ៗនោះដែរ»។
មន្ត្រីទាំងនោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ប្រសិនបើទទួលបានការអនុម័តនោះ ការកែប្រែនេះនឹងចូលជាធរមាននៅឆ្នាំនេះ ដោយអនុញ្ញាតឲ្យមន្ទីរបញ្ចកោណផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនអាមេរិក ដើម្បីធ្វើការនៅអ៊ុយក្រែនជាលើកដំបូង គិតចាប់តាំងពីមានការលុកលុយពេញលេញរបស់រុស្ស៊ី៕