
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានចេញការប្រកាសអាសន្នរលកកម្តៅកម្រិតពណ៌លឿង កាលពីថ្ងៃចន្ទ នៅតាមតំបន់ភាគច្រើនទូទាំងអង់គ្លេស គឺជាការផ្តល់ការព្រមានដំបូងពេលដែលសីតុណ្ហភាពធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងឡុងដ្រ៍ បានទាញយកអត្ថប្រយោជន៍ពីអាកាសធាតុក្តៅ ដើម្បីនាំគ្នាងូតទឹក សម្រាក និងហាត់ប្រាណក្នុងសួនកម្សាន្ត ។
អ្នកស្រី Heather Morris គឺជាតារាចម្រៀង និងសម្តែងស្រីអាមេរិក និយាយថា គាត់បានមកលេងសួនកម្សាន្ត Victoria ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ជាមួយមិត្តភ័ក្តិរបស់គាត់ កូនស្រីរបស់គាត់ ហើយគាត់មានការព្រួយបារម្ភ ថាតើរលកកម្តៅនឹងមានផលប៉ះពាល់បែបណាដល់ក្មេងៗ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Matthew Morton គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងឡុងដ្រ៍ និយាយថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់បែបនេះ ដើម្បីឲ្យលោកអាចហាត់ប្រាណបាននៅខាងក្រៅ ។
ខណៈពេលនោះដែរ ប្តីប្រពន្ធចូលនិវត្តន៍មួយគូដែលកំពុងជិះទូកលេង និយាយថា ទូកហាក់ដូចជាក្តៅបន្តិច ពេលដែលសីតុណ្ហភាពកើនឡើងដល់ ២៨អង្សាសេបែបនេះ ដូច្នេះហើយពួកគាត់ចង់ទៅលេងក្នុងសួនកម្សាន្តដែលមានម្លប់ឈើវិញ ៕