អាហ្វហ្គានីស្ថាន៖ ក្រុមបាតុករអាហ្វហ្គានីស្ថានបានប្រឆាំងពួកបះបោរតាលីបង់នៅថ្ងៃទី២ កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រវីទង់ជាតិរបស់ពួកគេនៅក្នុងការធ្វើបាតុកម្មជាច្រើនកន្លែង ហើយក្រុមយុទ្ធជនតាលីបង់បានឆ្លើយតបជាថ្មីម្តងទៀតដោយហិង្សា ខណៈពួកគេប្រឈមនឹងបញ្ហាកំពុងកើនឡើងចំពោះការគ្រប់គ្រងរបស់ពួកគេ។

កាលពីថ្ងៃព្រហស្បតិ៍ ក្បួនរថយន្ត និងមនុស្សនៅជិតអាកាសយានដ្ឋានរដ្ឋធានីកាប៊ុល បានកាន់បដាពណ៌ខ្មៅ ក្រហម និងបៃតងវែងៗ ដើម្បីបង្ហាញការគោរពទង់ជាតិអាហ្វហ្គានីស្ថាន ជាបដាមួយដែលកំពុងក្លាយជានិមិត្តរូបនៃការប្រឆាំង នឹងរបបដឹកនាំរបស់ពួកតាលីបង់។ វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីមនុស្សកំពុងភៀសខ្លួន ខណៈដែលក្រុមអ្នកប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើង។ គេមិនច្បាស់ភ្លាមៗថា មានអ្នកស្លាប់ ឬរបួសឬអត់នោះទេ។ នៅក្នុងការតវ៉ាមួយទៀតនៅខេត្ត Nangarhar វីដេអូដែលត្រូវបានបង្ហោះតាម online បានបង្ហាញពីបាតុករម្នាក់ហូរឈាមត្រូវរបួសដោយគ្រាប់កាំភ្លើង។ នៅខេត្ត Khost ក្រុមអាជ្ញាធរតាលីបង់បានដាក់បម្រាមគោចរ ២៤ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំបែកការតវ៉ាមួយទៀតដោយហិង្សា នេះបើយោងតាមព័ត៌មានដែលទទួលបានដោយអ្នកសារព័ត៌មាន ដែលឃ្លាំមើលស្ថានការណ៍វឹកវរពីបរទេស។
យោងតាមសាក្សី និងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានទំនាក់ទំនងជាមួយសារព័ត៌មាន AP បានរាយការណ៍ថា ការតវ៉ាមួយចំនួនក៏បានផ្ទុះឡើងផងដែរនៅក្នុងខេត្ត Kunar។ បាតុកម្មជាច្រើនដែលបានកើតឡើង ស្របពេលដែលជនជាតិអាហ្វហ្គានីស្ថានប្រារព្ធទិវាឯករាជ្យជាតិ និងខ្លះរំលឹកពិធីបុណ្យស៊ីអ៊ីតអាសូរ៉ាគឺជាការបង្ហាញពីការប្រឆាំងយ៉ាងខ្លាំង បន្ទាប់ពីក្រុមតាលីបង់បានបំបែកការតវ៉ាដោយហិង្សាកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សចំនួន ៣នាក់។ ទោះយ៉ាងណា ក្រុមតាលីបង់ជំរុញឲ្យមានឯកភាពជាតិ ខណៈការតវ៉ារីកសាយមកកាន់រដ្ឋធានីកាប៊ុល៕
អត្ថបទ៖ សុខមាន