
ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា បេសកជននុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល នៅថ្ងៃពុធនេះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិក ដែលហាក់ដូចជាបរាជ័យ។
ក្រសួងនេះ បានបញ្ជាក់ថា លោក Lee Jun-il អគ្គនាយកទទួលបន្ទុកគោលនយោបាយឧបទ្វីបកូរ៉េ បានចែករំលែកការវាយតម្លៃលើការបាញ់មីស៊ីលចុងក្រោយជាមួយសមភាគីអាមេរិក និងជប៉ុនគឺលោក Jung Pak និង Yukiya Hamamoto រៀងៗខ្លួន។
ក្រសួង បាននិយាយនៅក្នុងសេចក្តីប្រកាសថា៖«ភាគីទាំងបី បានថ្កោលទោសការបាញ់មីស៊ីលបាលិស្ទិក របស់កូរ៉េខាងជើងថា ជាការរំលោភយ៉ាងច្បាស់លើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបាននិយាយថា ពួកគេបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងសហគមន៍អន្តរជាតិ»។
នៅព្រឹកថ្ងៃដដែល កូរ៉េខាងជើង ហាក់ដូចជាបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ប៉ុន្តែការបាញ់សាកល្បងនេះ ត្រូវបានគេជឿថា បានបញ្ចប់ដោយការបរាជ័យ បន្ទាប់ពីមីស៊ីលនេះ ហោះបានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ។