
ទីក្រុងកំពង់ផែការ៉ាឈី របស់ប្រទេសប៉ាគីស្ថាន បន្តរងការវាយប្រហារពីរលកកម្តៅដ៏ក្តៅខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋព្យាយាមធ្វើឲ្យខ្លួនពួកគេត្រជាក់ ។
ក្រុមស្ម័គ្រចិត្តបានដំឡើងបន្ទប់នៅតាមផ្លូវ ដើម្បីផ្តល់ទឹក និងទឹកអំពៅដល់ពលរដ្ឋ ដើម្បីជួយពួកគេឲ្យត្រជាក់ខ្លួន ខណៈពេលដែលពួកគេធ្វើដំណើរ ។
កាលពីថ្ងៃចន្ទកន្លងទៅ លោក Sardar Sarfaraz គឺជាប្រធានឧតុនិយមប៉ាគីស្ថាន បានចាត់ទុកបាតុភូតនេះថាជា រលកម្តៅដោយផ្នែក ។
យោងតាមការអះអាងរបស់មន្ទីរឧតុនិយមក្រុងការ៉ាឈី បានឲ្យដឹងថា សីតុណ្ហភាពបានកើនឡើដល់ ៤១,៣អង្សាសេកាលពីថ្ងៃចន្ទ ប៉ុន្តែសីតុណ្ហភាព បានកើនឡើងដល់ ៤៩អង្សាសេកាលពីថ្ងៃអង្គារ ដោយសារតែស្ថានភាពអាកាសធាតុក្តៅស្ងួត ។
កាលពីខែមុន សីតុណ្ហភាពបានកើនឡើងដល់ ៥២,២អង្សាសេនៅខេត្តភាគខាងត្បូង Sindh របស់ប៉ាគីស្ថាន ដែលជាសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងរដូវក្តៅ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា សីតុណ្ហភាពក្តៅខ្លាំងនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល ១ខែកន្លងមកនេះ បានកាន់តែអាក្រក់ទៅដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕