
នាយករដ្ឋមន្រ្តីអេហ្ស៊ីបលោក Mostafa Madbouly និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក ត្រូវការនាំចូលប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិ តម្លៃ ១,១៨ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការដាច់ចរន្តអគ្គិសនីឥតឈប់ឈរ ដែលបង្កឡើងដោយសាររលកកម្តៅជាប់ៗគ្នា ។
លោកបន្តថា ពួកយើងសង្ឃឹមថា ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ នឹងមកដល់ទាំងស្រុងនៅសប្តាហ៍ទី ៣ក្នុងខែកក្កដា ដោយរដ្ឋាភិបាលរបស់លោកចង់បញ្ឈប់ការដាច់ចរន្តអគ្គិសនីទាំងស្រុង អំឡុងខែរដូវក្តៅនេះ ។
អេហ្ស៊ីប បានចាប់ផ្តើមចុះកិច្ចសន្យារួចទៅហើយសម្រាប់ទិញប្រេងម៉ាស៊ូតទម្ងន់ ៣០ម៉ឺនតោន ក្នុងតម្លៃ ១៨០លានដុល្លារ ដើម្បីបង្កើនប្រេងបម្រុងយុទ្ធសាស្រ្តរបស់ពួកគេ ដែលគេរំពឹងថា នឹងមកដល់នៅដើមសប្តាហ៍ក្រោយ ។
កាលពីថ្ងៃចន្ទ រដ្ឋាភិបាលអេហ្ស៊ីប បានបន្តកាត់ផ្តាច់ចរន្តអគ្គិសនីប្រចាំថ្ងៃរយៈពេល ៣ម៉ោង ដែលកាលពីមុនកាត់ផ្តាច់ត្រឹមរយៈពេល ២ម៉ោងប៉ុណ្ណោះ ដើម្បីឆ្លើយតបនឹងការហក់ឡើងខ្ពស់តម្រូវការប្រើប្រាស់អគ្គិសនីក្នុងស្រុក អំឡុងរលកកម្តៅចុងក្រោយនេះ ។
លោក Madbouly និយាយថា ការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ៣ម៉ោងក្នុង១ថ្ងៃនេះ នឹងបន្តរហូតដល់ដំណាច់ខែមិថុនា មុនពេលត្រឡប់មកកាន់បន្ថយរយៈពេល ២ម៉ោងវិញ នៅរយៈពេលកន្លះខែដំបូងក្នុងខែកក្កដា ដោយមានគោលដៅបញ្ឈប់ការផ្តាច់អគ្គិសនីទាំងស្រុង សម្រាប់រយៈពេលសេសស់ក្នុងរដូវក្តៅ ៕