
ប្រជាពលរដ្ឋបង់ក្លាដែសរស់នៅតាមបណ្តោយព្រំដែនជាមួយរដ្ឋ Rakhine របស់សហភាពមីយ៉ាន់ម៉ា បាននិយាយថា ជីវិតរបស់ពួកគេកាន់តែពិបាក និងភ័យខ្លាចខ្លាំង ក្រោយសង្រ្គាមតានតឹងរវាងរបបសឹកគ្រប់គ្រងសហភាពមីយ៉ានម៉ា និងកងកម្លាំងផ្តាច់ខ្លួន ។
ជម្លោះនៅរដ្ឋ Rakhine បានឆាបឆេះឡើង ក្រោយបទឈប់បាញ់រវាងកងទ័ពអារ៉ាកាន់(AA) ដែលស្ថិតក្នុងចំណោមកងទ័ពជនជាតិភាគតិចដ៏ខ្លាំងក្លាបំផុតរបស់មីយ៉ាន់ និងរបបសឹកមីយ៉ាន់ បានបរាជ័យកាលពីចុងឆ្នាំមុន ។
លោក Dil Mohammad គឺជាអ្នកភូមិបង់ក្លាដែសរស់នៅជិតព្រំដែនមីយ៉ាន់ម៉ា និយាយថា សំឡេងស្នូរគ្រាប់កាំភ្លើង ពួកយើងឮហឹងត្រចៀកស្ទើរាល់ថ្ងៃ ហើយពួកយើងបានឮសំឡេងផ្ទុះគ្រាប់បែកផងដែរ ។
លោកបន្តថា តើអ្នកមានដឹងទេថា ការប្រយុទ្ធគ្នាបានកើនឡើងខ្លាំងបែបណា? ពួកយើងលែងអាចនៅជិតព្រំដែនបានទៀតហើយ ។
គួរឲ្យដឹងថា មីយ៉ាន់ម៉ា បានដាក់ពង្រាយនាវាចម្បាំងនៅជុំវិញកោះ Saint Martin របស់បង់ក្លាដែស ដើម្បីវាយប្រហារលើគោលដៅរបស់កងទ័ពអារ៉ាកាន់ ដែលគេរាយការណ៍ថា បានរុលចូលកាន់តែជិតទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋ Rakhine ។