
លោក Matthew Miller គឺជាអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក សូមធ្វើការថ្កោលទោសអំពើហិង្សា អំឡុងបាតុកម្មនៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ហើយពួកគេសូមជំរុញឲ្យរដ្ឋាភិបាលកេនយ៉ា បង្ហាញការអត់ធ្មត់ និងផ្តល់ឱកាសចរចា ខណៈដែលអង្គការសហប្រជាជាតិ(UN) ជំរុញឲ្យមានការអត់ធ្មត់ផងដែរនៅក្នុងចំណោមអាជ្ញាធរ និងក្រុមបាតុករ ។
បាតុករយ៉ាងហោច ៥នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអង្គារ ពេលក្រុមនគរបាល បាញ់ប្រហារទៅលើក្រុមបាតុករដែលព្យាយាមវាយប្រហារសភាកេនយ៉ា ពេលដែលក្រុមតំណាងរាស្រ្តអនុម័តសេចក្តីស្នើច្បាប់ដំឡើងពន្ធ ។
លោក Miller និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួកយើងសូមធ្វើការថ្កោលទោសអំពើហិង្សាអំឡុងបាតុកម្ម ក្នុងទីក្រុងណៃរ៉ូប៊ី និងជុំវិញប្រទេសកេនយ៉ា ។ ពួកយើងសូមចូលរួមរំលែកទុក្ខដល់អ្នកដែលបាត់បង់ជីវិត និងរងរបួស ហើយនិងសម្តែងមរណទុក្ខដល់គ្រួសារដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ ។
ដោយឡែក អគ្គលេខាធិការ UNលោក Antonio Guterres បានជំរុញឲ្យក្រុមនគរបាល និងកងកម្លាមងសន្តិសុខបន្តការអត់ធ្មត់ ហើយនិងជំរុញឲ្យក្រុមបាតុករ រក្សាភាពស្ងៀមស្ងាត់ ៕