បាល់ទាត់៖ អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់យុវជនរបស់អាហ្វហ្គានីស្ថានម្នាក់ បានធ្លាក់ពីលើយន្តហោះយោធាអាមេរិកស្លាប់ នៅពេលព្យាយាមតោងអង្គុយលើយន្តហោះ ដែលចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
Zari Anwari វ័យទើប ១៩ឆ្នាំគឺជាកីឡាកររបស់ក្រុមជំរើសជាតិយុវជនអាហ្វហ្គានីស្ថានដែលបានធ្លាក់ស្លាប់នោះ តែអាជ្ញាធរមិនបានបញ្ជាក់លំអិតឡើយ ជុំវិញមរណៈភាពរបស់យុវជនរូបនេះ។ តាំងពីក្រុមតាលីបង់បានចូលកាន់កាប់អាហ្វហ្គានីស្ថាន ប្រជាជនរាប់ពាន់នាក់បានព្យាយាមរត់សំដៅទៅព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុល ដែលជាច្រកតែមួយគត់ដែលពួកគេសង្ឃឹមថា អាចចាកចេញពីប្រទេសអាហ្វហ្គានីស្ថានបាន។ វីដេអូដែលគេថតបានកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅ គេឃើញមានមនុស្សរាប់រយនាក់នាំគ្នា រត់តាមយន្តហោះយោធាអាមេរិកដោយមានខ្លះរត់តាម និងខ្លះឡើងអង្គុយនៅផ្នែកខាងក្រៅយន្តហោះ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រៅពីមានមនុស្ស ២នាក់ស្លាប់ដោយធ្លាក់ពីលើយន្តហោះនោះ យន្តហោះយោធាអាមេរិកក៏បានបញ្ជាក់ដែរថា ប្រទះឃើញមនុស្សនៅផ្នែកខាងក្រោមយន្តហោះនៅឡើយ ពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានប្រទេសកាតា៕
អត្ថបទ៖នាង សុភាវុធ