អាហ្វហ្គានីស្ថាន៖ ភាពវឹកវរបានបន្តនៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ខណៈមនុស្សរាប់ពាន់នាក់បានព្យាយាមរត់គេច ពីការគ្រប់គ្រងរបស់ក្រុមបះបោរតាលីបង់។ វីដេអូដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម បានបង្ហាញពីក្រុមខ្មាន់កាំភ្លើងបាញ់ទៅលើអាកាសនៅខាងក្រៅអាកាសយានដ្ឋាន ខណៈដែលមនុស្សបានរត់គេចខ្លួន។

ឥឡូវនេះពួកតាលីបង់រក្សាវត្តមានប្រដាប់អាវុធនៅខាងក្រៅអាកាសយានដ្ឋាន ខណៈយោធាអាមេរិក និងអង់គ្លេសស្ថិតនៅខាងក្នុង។ កាលពីថ្ងៃកន្លងទៅសហភាពអឺរ៉ុប អេស្ប៉ាញ ដាណឺម៉ាក ប៉ូឡូញ និងរ៉ូម៉ានីបាននិយាយថា ខ្លួនបានជម្លៀសជនជាតិ និងបុគ្គលិកអាហ្វហ្គានីស្ថានរបស់ពួកគេមួយចំនួន ដែលពាក់ព័ន្ធនឹងវត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ។ ដោយឡែកប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថា លោកប្តេជ្ញារក្សាកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន រហូតទាល់តែជនជាតិអាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ មានន័យថាលោកអាចនឹងរក្សាវត្តមានយោធានៅទីនោះហួសពីកាលកំណត់ថ្ងៃទី៣១ ខែសីហាសម្រាប់ការដកទ័ពរបស់លោក។
ចំណែកវីដេអូមួយបានបង្ហាញពីក្មេងតូចម្នាក់ត្រូវបានប្រគល់ ទៅឱ្យទាហានម្នាក់នៅច្រកទ្វារអាកាសយានដ្ឋានកាប៊ុល ខណៈមនុស្សរាប់ពាន់នាក់ដែលអស់សង្ឃឹមក្នុងការរត់គេចខ្លួន បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានទីក្រុងនេះកំពុងប្រមូលផ្ដុំគ្នានៅខាងក្រៅ។ វីដេអូដែលថតបានកាលពីថ្ងៃអង្គារបានបង្ហាញពីហ្វូងមនុស្សរុញច្រានគ្នា និងឡើងរបង ខណៈពួកគេព្យាយាមទៅដល់អាកាសយានដ្ឋាន ដែលយន្តហោះយោធាកំពុងជម្លៀសប្រជាជនចេញពីប្រទេស។ វីដេអូមួយទៀតដែលត្រូវបានថតកាលពីថ្ងៃពុធ បង្ហាញពីទាហានអាមេរិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកដែលបានប្រមូលផ្តុំគ្នា ខណៈដែលទាហានតាលីបង់ឃ្លាំមើលហ្វូងមនុស្ស។ នេះបើយោងតាមអង្គការក្រៅរដ្ឋាភិបាល Rise to Peace៕
អត្ថបទ៖ សុខមាន