
សម្ព័ន្ធមិត្តណាតូ នៅថ្ងៃពុធ (ទី២៦ ខែមិថុនា) នេះ បានជ្រើសរើសនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ជាម្រមុខបន្ទាប់របស់អង្គការណាតូ (NATO) ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងនៅមាត់ទ្វាររបស់អង្គការនេះ ហើយភាពមិនច្បាស់លាស់ បានលេចឡើងស្ទុងៗ ជុំវិញជំហរនាពេលអនាគតរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកនេះ។
គួរបញ្ជាក់ថា ការតែងតាំងលោក Rutte បានក្លាយជាផ្លូវការ បន្ទាប់ពីគូប្រជែងតែមួយគត់របស់លោក សម្រាប់តំណែងនេះ គឺប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានប្រកាសកាលពីសប្តាហ៍មុនថា លោកបានបោះបង់ចោលការប្រកួតប្រជែងហើយ ដោយសារមិនអាចទាក់ទាញការគាំទ្របាន។
អង្គការណាតូបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង បានសម្រេចតែងតាំងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ជាអគ្គលេខាធិការបន្ទាប់របស់អង្គការណាតូ ដោយបន្តតំណែងពីលោក Jens Stoltenberg»។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «លោក Rutte នឹងចូលកាន់តំណែងជាអគ្គលេខាធិការ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅពេលដែលអាណត្តិរបស់លោក Stoltenberg បញ្ចប់ ពោលគឺបន្ទាប់ពីរយៈពេល ១០ឆ្នាំ ក្នុងតួនាទីជាប្រមុខរបស់សម្ព័ន្ធភាពយោធានេះ»។
បន្ទាប់ពីបានប្រកាសពីចំណាប់អារម្មណ៍របស់លោកក្នុងមុខតំណែងនេះ កាលពីឆ្នាំ២០២៣ លោក Rutte ទទួលបានការគាំទ្រដំបូងពីសមាជិកសំខាន់ៗនៃសម្ព័ន្ធមិត្តនេះ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ។
អ្នកផ្សេងទៀតមានភាពច្របូកច្របល់ ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដែលបានលើកឡើងថា តំណែងនេះគួរតែបានទៅនរណាម្នាក់មកពីតំបន់របស់ពួកគេជាលើកដំបូង។ ប៉ុន្តែនៅទីបំផុត ពួកគេបាននៅពីក្រោយលោក Rutte ដែលជាអ្នករិះគន់ឥតញញើតលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែន។
ក្រោយមានការសម្រេចតែងតាំងនេះ លោក Stoltenberg បាននិយាយថា លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការជ្រើសរើសលោក Rutte ជាអ្នកស្នងតំណែងរបស់លោក៕