
ការិយាល័យប្រធានាធិបតីស្រីលង្កា នៅថ្ងៃពុធ (ទី២៦ ខែមិថុនា) នេះ បានឲ្យដឹងថា ប្រទេសស្រីលង្កាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសម្ចាស់បំណុល ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលទ្វេភាគីប្រហែល ៥,៨ពាន់លានដុល្លារអាមេរិក ជាសកម្មភាពដែលនឹងជួយធ្វើឲ្យមានស្ថិរភាពដល់សេដ្ឋកិច្ចដែលរងគ្រោះដោយវិបត្តិ។
មន្ត្រីមកពីប្រទេសអាស៊ីខាងត្បូងដែលមានបញ្ហាសាច់ប្រាក់មួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ជាមួយគណៈកម្មាធិការឥណទានផ្លូវការ (OCC) ដែលមានសហប្រធានដោយប្រទេសជប៉ុន ឥណ្ឌា និងបារាំង។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចព្រមព្រៀងនេះផ្តល់ការបន្ធូរបន្ថយបំណុលសំខាន់ៗ ដែលអនុញ្ញាតឲ្យប្រទេសស្រីលង្កាបែងចែកមូលនិធិសម្រាប់សេវាសាធារណៈសំខាន់ៗ និងការផ្តល់ហិរញ្ញប្បទានសម្បទាន សម្រាប់តម្រូវការអភិវឌ្ឍន៍របស់ខ្លួន»។
តាមរយៈវេទិកាបណ្ដាញសង្គម X រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Shehan Semasinghe បានឲ្យដឹងថា ប្រទេសស្រីលង្កាក៏កំពុងស្ថិតក្នុងដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយធនាគារ EXIM Bank របស់ចិន ដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលចំនួន ៤,២ពាន់លានដុល្លារអាមេរិក៕