
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃពុធនេះ ឃើញភូមិដ្ឋានប្រជាពលរដ្ឋ និងដីកសិកម្មនៅខេត្តភាគកណ្តាល និងភាគខាងកើតប្រទេសចិន នៅតាមដងទន្លេ Yangtze បានជន់លិចគ្មានសល់ ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកើតមានបំណាក់ដី ។
CCTVរាយការណ៍ថា ស្រុក Taoyuan ស្ថិតនៅខេត្ត Hunan ដែលជាខេត្តផលិតគ្រាប់ធុញ្ញជាតិដ៏សំខាន់របស់ចិន វាលស្រែជាង ៧២៨ហិចតា បានជន់លិចទាំងស្រុងក្នុងទឹកជំនន់ ។ បច្ចុប្បន្នប្រជាកសិករ កំពុងសាបព្រួសឡើងវិញនៅចុងរដូវ ដើម្បីស្តាការខាតបង់របស់ពួកគេ ។
CCTV រាយការណ៍ទៀតថា ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ កម្រិតទឹកទន្លេ Xiang នៅខេត្ត Hunan បានឡើងដល់កម្រិតទឹកជំនន់នៅថ្ងៃពុធនេះ ហើយកម្រិតទឹកនៅក្នុងបឹងទឹកសាបធំបំផុតរបស់ចិន គឺបឹង Poyang ស្ថិតក្នុងខេត្ត Jiangxi បានឡើងដល់កម្រិតព្រមានទឹកជំនន់ ហើយគេរំពឹងថា វានឹងបង្កការជន់លិចនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ។
ភ្លៀងធ្លាក់ខ្លាំងបំផុត បានកើតមានតាមបាសាំងទន្លេ Yangtze ជាហេតុបង្កឲ្យកើតមានទឹកជំនន់ ។ អាកាសធាតុអាក្រក់នេះដែរ បានធ្វើឲ្យព្យុះកាន់តែមានកម្លាំងខ្លាំងក្លាជាងមុន និងពុំអាចព្យាករណ៍បាន ហើយបំណាក់ដីនៅតាមតំបន់ជនបទ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ ៕