
ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោករួបរួមជាមួយប្រទេសលីបង់ ពាក់ព័ន្ធនឹងភាពតានតឹងកើនឡើងជាមួយអ៊ីស្រាអែល ហើយលោកបានអំពាវនាវឲ្យប្រទេសក្នុងតំបន់ គាំទ្រទីក្រុង Beirut ផងដែរ ។
ថ្លែងទៅកាន់សភាទួរគី លោក Erdogan និយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu មានគម្រោងធ្វើឲ្យសង្រ្គាមនៅហ្កាហ្សា រីករាលដាលដល់ក្នុងតំបន់ ហើយលោកបានព្រមានថា គម្រោងបែបនេះ នឹងនាំឲ្យមានគ្រោះថ្នាក់ ។
លោកថា គេយល់យ៉ាងច្បាស់ថា អ៊ីស្រាអែល ដែលបានកម្ទេចតំបន់ហ្កាហ្សាក្លាយជាផេះផង់នោះ ឥឡូវពួកគេ មានផែនការលើលីបង់ ។
លោក Erdogan បញ្ជាក់ថា លោកអាចនិយាយបានថា នេះច្បាស់ណាស់ថា ផែនការរបស់លោក Netanyahu ធ្វើឲ្យសង្រ្គាមនៅហ្កាហ្សា រីករាលដល់ក្នុងតំបន់ ដោយមានការឯកភាពពីលោកខាងលិច នឹងក្លាយជាគ្រោះថ្នាក់ ។ ពិភពអ៊ីស្លាម និងប្រទេសបងប្អូននៅតំបន់មជ្ឈិមបូព៌ា ត្រូវតែប្រតិកម្មចំពោះផែនការបង្ហូរឈាមនេះ នៅមុខលោកខាងលិច ៕