
លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស បានប្តេជ្ញាកាលពីថ្ងៃអង្គារថា សំណើបទឈប់បាញ់ណាមួយសម្រាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលមិនធានាការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់នោះ «មិនអាចទទួលយកបានឡើយ»។
លោក Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការសម្លាប់សមាជិកគ្រួសាររបស់ខ្លួនជាច្រើននាក់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារថា ចលនាហាម៉ាស បានបង្ហាញពីភាពបត់បែនអតិបរមា និងទទួលយករាល់សំណើដែលបានស្នើឡើងលើលក្ខខណ្ឌនៃបទឈប់បាញ់ ការបញ្ចប់អរិភាព និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យជួយធានាបទឈប់បាញ់ ផ្តល់ជំនួយ និងផ្គត់ផ្គង់សម្ភារៈចាំបាច់ដល់ប្រជាជន នៅតំបន់ហ្កាហ្សា។
ទាក់ទងនឹងការរៀបចំនាពេលអនាគតអំពីតំបន់ហ្កាហ្សា លោក Haniyeh បាននិយាយថា គំនិតទាំងអស់អំពីថ្ងៃបន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល និងការរៀបចំផ្ទៃក្នុងអំពីតំបន់នេះ គួរតែជា«ប៉ាឡេស្ទីនសុទ្ធសាធ»។
លោកបានសង្កត់ធ្ងន់ថា៖ «គ្មានអ្នកណាម្នាក់មានសិទ្ធិធ្វើអន្តរាគមន៍ទេ ទាំងការកាន់កាប់ ឬអ្នកណាផ្សេងទៀត»។