
នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh នៅទីក្រុងប៉េកាំង ។
នៅក្នុងកិច្ចប្រជុំទ្វេភាគី លោក Xi បានស្វាគមន៍លោក Chinh នៅមហាសាលប្រជាជន ហើយលោកនិយាយថា ប្រទេសទាំង ២ បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី ហើយលោកបានសង្កត់ធ្ងន់ពីវឌ្ឍនភាពនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងរយៈពេល ៦ខែកន្លងមកនេះ ។
លោក Xi បានកោតសរសើរ និងលើកទឹកចិត្តមាគ៌ាវៀតណាមដើរលើប្រព័ន្ធសង្គមនិយម ជាទីដែលប្រទេសទាំង ២ រក្សាការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមយូរអង្វែង ។
លោកបន្តថា ប្រទេសទាំង ២ នឹងបន្តពង្រឹងការផ្លាស់ប្តូរ រៀនសូត្រទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ។
សូមបញ្ជាក់ថា លោក Chinh ស្ថិតក្នុងដំណើរទស្សនកិច្ចបំពេញការងារមកកាន់ប្រទេសចិន ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនាមកម្ល៉េះ ជាទីដែលរូបលោកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian ខេត្ត Liaoning ៕