បាល់ទាត់៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានបញ្ជាក់ថា កីឡាកររបស់ខ្លួន ៤នាក់ត្រូវបានតេស្តវិជ្ជមានកូវីដ-១៩។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette រួមជាមួយនឹង Willian និង Alex Runarsson សុទ្ធតែអវត្តមានពីការប្រកួតដំបូងរបស់ Arsenal បើករដូវកាល English Premier League ចាញ់នៅទឹកដី Brentford កាលពីថ្ងៃសុក្រសប្តាហ៍មុនដោយបញ្ជាក់ថាមានជំងឺ មុនពេលដែលក្រោយមកពួកគេត្រូវបានតេស្តឃើញវិជ្ជមានកូវីដ-១៩។

ក្នុងចំណោម ៤នាក់នេះមានតែ Aubameyang ម្នាក់ទេដែលតេស្តជុំចុងក្រោយនេះលទ្ធផលប្រែមកជាអវិជ្ជមានវិញ ដែលមានន័យថារូបគេអាចនឹងចូលលេងបានពេល Arsenal ជួប Chelsea នៅថ្ងៃអាទិត្យ។ ចំណែក Lacazette, Willian និង Runarsson នៅតែស្ថិតក្រោមការតាមដានសុខភាពនៅឡើយ។ Arsenal ក៏មានបញ្ហាកីឡាកររបួសមួយចំនួនដែរដូចជា Gabriel Magalhaes របួសជង្គង់, Thomas Partey របួសកជើង និង Eddie Nketiah របួសកជើង៕
អត្ថបទ៖នាង សុភាវុធ