
អាកាសធាតុអាក្រក់បន្តវាយប្រហារតំបន់អឺរ៉ុប ក្នុងនោះតំបន់មួយចំនួននៅប្រទេសអេស្ប៉ាញ បារាំង និងស្វីស រងគ្រោះដោយសារព្យុះរដូវក្តៅ និងទឹកជំនន់ ស្របពេលដែលអង់គ្លេស កើតមានរលកកម្តៅ ។
ទីក្រុង Madrid របស់អេស្ប៉ាញ បានធ្លាក់ក្នុងភាពវឹកវរកាលពីថ្ងៃអង្គារ ពេលដែលផ្ទៃមេឃពណ៌ខៀងស្រងាត់ប្រែជាព្យុះទឹកកក ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ហើយសីតុណ្ហភាពចាប់ផ្តើមចុះត្រជាក់ភ្លាមៗត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ពី ៣៣អង្សាសេ មកនៅត្រឹម ១៩អង្សាសេ ។
ដើមឈើធំៗ បានបាក់រលំ ហើយអ្នកស្រុក និងភ្ញៀវទេសចរ នាំគ្នារត់រកទីជម្រកនៅតាមរង្គសាល និងហាងលក់ទំនិញ បន្ទាប់ពីអាកាសធាតុប្រែប្រួលភ្លាមៗបែបនេះ ខណៈដែលទឹកជំនន់ បានហូរចូលស្ថានីយ៍ក្រោមដី និងជន់លិចផ្លូវថ្នល់ ។
ក្នុងពេលតែមួយនេះដែរ តំបន់ជាច្រើនៅភាគខាងលិចអឺរ៉ុប កំពុងប្រឈមនឹងសីតុណ្ហភាពហក់ឡើងខ្ពស់ជាង ៣០អង្សាសេ រួមទាំងនៅចក្រភពអង់គ្លេសផងដែរ ។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានចេញការប្រកាសអាសន្នរលកកម្តៅកម្រិតពណ៌លឿង កាលពីថ្ងៃចន្ទ នៅតាមតំបន់ភាគច្រើនទូទាំងអង់គ្លេស គឺជាការផ្តល់ការព្រមានដំបូងពេលដែលសីតុណ្ហភាពធ្វើឲ្យប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕