យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បងដោយជោគជ័យនូវសមត្ថភាពមីស៊ីលបំពាក់ក្បាលគ្រាប់ចល័ត។

សារព័ត៌មាន KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងការកាត់ផ្ដាច់ក្បាលគ្រាប់ចល័តនីមួយៗតាមគោលការណ៍ដែលបានកំណត់ដោយជោគជ័យ កាលពីថ្ងៃពុធ ដោយបន្ថែមថា ក្បាលគ្រាប់ចល័តដាច់ដោយឡែកត្រូវបានដឹកនាំយ៉ាងត្រឹមត្រូវទៅកាន់គោលដៅសម្របសម្រួលទាំងបី ។
ប្រភពដដែលនេះ បាននិយាយថា ការសាកល្បងនេះក្នុងគោលបំណងធានានូវសមត្ថភាពយានបញ្ជូនត្រឡប់តាមគោលដៅចល័តដោយឯករាជ្យ ដោយសំដៅទៅលើបច្ចេកវិទ្យាយានត្រឡប់តាមគោលដៅ ដែលអាចកំណត់គោលដៅដោយឯករាជ្យជាច្រើន ឬសមត្ថភាពក្នុងការបាញ់ក្បាលគ្រាប់ចល័តនៅលើមីស៊ីលផ្លោងបាលីស្ទីកតែមួយ។

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលមើលទៅទំនងជាមីស៊ីលលឿនជាងសំឡេងកាលពីថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះបានបញ្ចប់ដោយការផ្ទុះពាក់កណ្តាលអាកាស ដែលសត្រូវកូរ៉េខាងជើងនេះ អះអាងថាបរាជ័យ បន្ទាប់ពីការហោះហើរចម្ងាយប្រហែល២៥០ គីឡូម៉ែត្រ ។
នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះបានហោះចេញពីតំបន់មួយនៅក្នុង ឬជុំវិញទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥:៣០នាទីព្រឹក ហើយទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគយ៉ាងលម្អិត៕