កងកម្លាំងអ៊ីស្រាអែល បានវាយលុកទីតាំងជាច្រើននៅទូទាំងតំបន់ហ្កាហ្សា ទាំងភាគខាងជើង និងភាគខាងត្បូងកាលពីថ្ងៃពុធ (២៦ មិថុនា) ហើយអ្នកស្រុកបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាពេញមួយយប់នៅទីក្រុង រ៉ាហ្វា (Rafah) ចុងភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្នុងតំបន់លំនៅឋាន តែល អាល់-សូលតាន (Tel Al-Sultan) នៅភាគខាងលិចក្រុងរ៉ាហ្វា ជាទីដែលរថក្រោះក៏កំពុងព្យាយាមសម្រុកទៅភាគខាងជើង ស្របពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។ ស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានវាយប្រហារកងកម្លាំងអ៊ីស្រាអែល ជាមួយនឹងគ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់បែកត្បាល់។

ចាប់តាំងពីដើមខែឧសភា ការប្រយុទ្ធជើងគោកបានផ្តោតទៅលើទីក្រុង រ៉ាហ្វា ជាប់ព្រំដែនប្រទេសអេហ្ស៊ីប នៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាទីដែលអ្នកស្រុកប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប ២,៣ លាននាក់បានជ្រកកោន បន្ទាប់ពីបានភៀសខ្លួនចេញពីតំបន់ផ្សេងទៀត ហើយពលរដ្ឋភាគច្រើនត្រូវបង្ខំរត់គេចខ្លួនម្ដងទៀតគេចពីចលាចល។

អ៊ីស្រាអែលនិយាយថា ខ្លួនជិតនឹងបំផ្លាញកម្លាំងក្រុមហាម៉ាសដែលនៅសេសសល់ចុងក្រោយនៅក្រុងរ៉ាហ្វា អស់ហើយ ហើយបន្ទាប់ពីនោះ ខ្លួននឹងប្ដូរទៅជាប្រតិបត្តិការទ្រង់ទ្រាយតូចជាងនេះ។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់សមាជិកសកម្មប្រយុទ្ធហាម៉ាសម្នាក់ ដែលបានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធអាវុធឆ្លងកាត់ព្រំដែនរវាងក្រុងរ៉ាហ្វា និងអេហ្ស៊ីប៕