គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយឈ្មោះ យូយ័ន ថានធាន (Yuyuan Tantian) ដែលពាក់ព័ន្ធជាមួយទូរទស្សន៍រដ្ឋចិន CCTV បាននិយាយកាលពីថ្ងៃពុធ (២៦ មិថុនា) ថា ប្រទេសចិន នាពេលថ្មីៗនេះបានស្ទាក់ចាប់នាវាមុជទឹកស៊ើបអង្កេតមួយគ្រឿង ដែលទម្លាក់ដោយយន្តហោះយោធាសហរដ្ឋអាមេរិក ចូលទៅក្នុងសមុទ្រចិនខាងត្បូង។

គណនីបណ្ដាញសង្គមនោះបានបន្ថែមថា យន្តហោះយោធាអាមេរិក ត្រូវបានគេរកឃើញថាហោះពីលើដែនទឹកនៃសមុទ្រចិនខាងត្បូង ហើយបានទម្លាក់ «វត្ថុមិនស្គាល់អត្តសញ្ញាណ» ជាបន្តបន្ទាប់ចុះមកក្រោម។
វីដេអូចេញផ្សាយនៅលើគណនីបណ្ដាញសង្គមនោះបានបង្ហាញ ឆ្មាំល្បាតឆ្នេរចិន បានស្រង់យក និងត្រួតពិនិត្យវត្ថុអ្វីមួយ ដោយនិយាយថាការចាប់បាននេះធ្វើឡើងនាពេលថ្មីៗនេះ។ អត្ថបទនៅលើវីដេអូបាននិយាយដោយដកស្រង់សម្តីអ្នកជំនាញម្នាក់ថា «នាវាស៊ើបអង្កេតនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីចាប់សញ្ញានាវាមុជទឹករបស់ចិន និងដើម្បីប្រឆាំងនឹងសញ្ញាពីនាវាមុជទឹកនៅក្រោមទឹក»។

ភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំង បានជំរុញទីក្រុងវ៉ាស៊ីនតោន ម្ដងហើយម្ដងទៀតកុំឱ្យលូកដៃក្នុងបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីអាមេរិក កាលពីខែមីនា បានបន្តកិច្ចព្រមព្រៀងសន្តិសុខជាមួយហ្វីលីពីន ដោយរួមបញ្ចូលការការពារពីការវាយប្រហារលើឆ្មាំល្បាតឆ្នេររបស់ទីក្រុងម៉ានីល៕
