អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប បាននិយាយថា ប្រទេសកូសូវ៉ូ និងស៊ែប៊ី ពុំមានវឌ្ឍនភាពលើកិច្ចចរចាប្រក្រតីភាពនោះទេ កាលពីថ្ងៃពុធ ហើយកិច្ចប្រជុំត្រីភាគីដែលបានគ្រោងទុក ពុំបានធ្វើឡើងឡើយ ដោយសារតែការបដិសេធរបស់ប្រទេសកូសូវ៉ូ មិនមកចូលរួម។

បណ្តាប្រទេសនៅតំបន់បាល់កង់ តម្រូវឱ្យដោះស្រាយជម្លោះរបស់ពួកគេ ដើម្បីឈានទៅកាន់តែជិតក្នុងចូលជាសមាជិកសហភាពអឺរ៉ុប ហើយនឹងចូលរួមជាមួយប្លុកនេះនៅទីបំផុត។ ទីក្រុង Belgrade បានបដិសេធ មិនទទួលស្គាល់សេចក្តីប្រកាសឯករាជ្យឆ្នាំ២០០៨ របស់ប្រទេសកូសូវ៉ូ មួយទសវត្សរ៍ បន្ទាប់ពីការបះបោរប្រឆាំងការគ្រប់គ្រងរបស់ប្រទេសស៊ែប៊ី។

ជនជាតិស៊ែប៊ីជាច្រើន ដែលរស់នៅភាគខាងជើងប្រទេសកូសូវ៉ូ មិនទទួលស្គាល់រដ្ឋាភិបាល និងអាជ្ញាធរនៅក្នុងទីក្រុង Pristina របស់កូសូវ៉ូ ហើយនៅតែមើលឃើញទីក្រុងបែលក្រាដ(Belgrade) ប្រទេសស៊ែប៊ី ថាជារដ្ឋធានីរបស់ពួកគេ។

អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell បានជួបជាមួយនាយករដ្ឋមន្ត្រី Kosov លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃពុធ ជាការកំណត់ពេលនៃការចរចាលើកទី១១ ដែលលោកបានធ្វើជាប្រធានជាមួយ ភាគីទាំងពីរ។
លោកបាននិយាយថា ខណៈមានភាពរីកចំរើន ចាប់តាំងពីការចរចា រវាងភាគីទាំងពីរ បានបន្តនៅឆ្នាំ ២០២០ អំឡុងពេលនោះ ក៏ត្រូវបានកត់សម្គាល់ថាកើតមានវិបត្តិជាច្រើន និងភាពតានតឹងកើនឡើងផងដែរ។
លោក Borrell នឹងឈានចូលដល់ចុងបញ្ចប់នៃអាណត្តិរបស់លោក ជាប្រធានគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុប ដោយនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោក Kaja Kallas នឹងជំនួសលោក បន្ទាប់ពីការបោះឆ្នោតសហភាពអឺរ៉ុប ក្នុងខែនេះ។
លោកបាននិយាយថា សហភាពអឺរ៉ុប ពុំអាចធ្វើអ្វីបានច្រើនលើសពីការជួយប្រទេសកូសូវ៉ូ និងស៊ែប៊ី ក្នុងការដោះស្រាយជម្លោះ ហើយពុំអាចជំនួសពួកគេនៅក្នុងការចរចាបានទេ។ លោក Borrell បាននិយាយថា យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយគ្រប់ជំហានទៅតាមមធ្យោបាយ។