រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថា លោកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃការបន្តកើតមានអំពើហិង្សានៅក្នុងសហភាពមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃពុធ (២៦ មិថុនា) ជាមួយសមភាគីរបស់ខ្លួនមកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកការផ្លាស់ប្តូរអំណាចទៅរបបលទ្ធិប្រជាធិបតេយ្យ។

មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ក្រោយដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ដែលបង្កឱ្យមានចលនាតវ៉ាដែលបានវិវត្តទៅជាសង្រ្គាមស៊ីវិលពេញលេញ ខណៈរបបសឹកបានបាត់បង់ការគ្រប់គ្រងលើទឹកដីដ៏ធំ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) និយាយថា លោកបានស្វះស្វែងរកការប្តេជ្ញាចិត្តមួយក្នុងការការពារគម្រោងដែលកំពុងដំណើរការរបស់ឥណ្ឌានៅមីយ៉ាន់ម៉ា ក្នុងជំនួបជាមួយសមភាគី លោក ថាន់ ស្វេ (Than Swe)។ លោក ចៃសានខា ក៏បាននិយាយផងដែរថា លោកបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់មាគ៌ានៃការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំមីយ៉ាន់ម៉ា បានជួបជាមួយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់រដ្ឋបាលរបបសឹកក្នុងសប្តាហ៍នេះ។

ប្រទេសឥណ្ឌាបានរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយរបបយោធាដែលកំពុងកាន់អំណាច ទោះបីជាចលនាតស៊ូប្រដាប់អាវុធចំពោះរបបសឹកបានពង្រីកក៏ដោយ ហើយខ្លួនមានគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនៅក្នុងរដ្ឋ រ៉ាឃីន (Rakhine) ភាគខាងលិចមីយ៉ាន់ម៉ា ជាទីដែលការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងក្នុងប៉ុន្មានខែថ្មីៗនេះ៕