ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) នេះថា ឧបទ្ទវហេតុកាលពីថ្ងៃទី១៧ ខែមិថុនា នៅឯតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង មិនមែនជា «ការវាយប្រហារដោយប្រដាប់អាវុធ» ពីចិន ប្រឆាំងនឹងនាវិក និងនាវារបស់ទីក្រុងម៉ានីលពិតមែន ប៉ុន្តែប្រទេសនេះចាំបាច់ត្រូវ «ចាត់វិធានការ ជាជាងការតវ៉ាដដែលៗ»។

លោក ម៉ាកូស បានប្រាប់អ្នកយកព័ត៌មានថា «យើងបានបញ្ជូនការតវ៉ាជាងមួយរយដង ហើយក៏បានដាក់វិធានការនយោបាយក្នុងចំនួនប្រហាក់ប្រហែលគ្នារួចដែរ ប៉ុន្តែយើងត្រូវតែធ្វើឱ្យច្រើនជាងនេះ»។ លោក ម៉ាកូស បានបន្ថែមថា ទោះជាសកម្មភាពនោះមិនត្រូវបានចាត់ទុកថាជាការវាយប្រហារដោយប្រដាប់អាវុធក៏ដោយ ឆ្មាំល្បាតឆ្នេរចិន បានធ្វើ «សកម្មភាពខុសច្បាប់» ក្នុងការទប់ស្កាត់ការផ្គត់ផ្គង់កងទ័ពឡើងវិញជាទៀងទាត់របស់ទីក្រុងម៉ានីល។

នាវិកហ្វីលីពីនម្នាក់បានទទួល «របួសយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីអ្វីដែលយោធារបស់ខ្លួនបានពិពណ៌នាថាជា «ការវាយលុកក្នុងល្បឿនដ៏លឿនដោយចេតនា» ពីឆ្មាំល្បាតឆ្នេរចិន ក្នុងគោលបំណងរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់កងទ័ពដែលឈរជើងនៅលើដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅថ្ងៃទី១៧ ខែមិថុនា។
ក្រសួងការបរទេសចិន បានជំទាស់នឹងការអះអាងរបស់ហ្វីលីពីន ដោយអ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា វិធានការចាំបាច់ដែលធ្វើឡើងដោយឆ្មាំល្បាតឆ្នេរចិន គឺមានភាពស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ៕