កូរ៉េខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ គណៈកម្មាធិការមជ្ឈិមបក្សកូរ៉េខាងជើង បានរៀបចំកិច្ចប្រជុំ ដឹកនាំដោយលោក គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាលើបញ្ហាជំងឺ COVID-19។
កិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សនេះ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNAកាលពីព្រឹកថ្ងៃពុធ ជាមួយនឹងការបង្ហោះរូបភាពហ្វឹក ៦សន្លឹករបស់លោកគីម នៅលើវែបសាយរបស់ពួកគេ។
ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា កិច្ចប្រជុំនេះ បានលើកឡើងពីកំហុសឆ្គងមួយចំនួន ដែលបានរកឃើញនៅក្នុងការការពារការរាតត្បាតជំងឺ COVID-19 និងបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាធ្វើឲ្យប៉ះពាកល់ដល់ការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលឆ្លងសកលនៃជំងឺដ៏កាចសាហាវមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានដឹងច្បាស់នោះទេ ថាតើមានករណីឆ្លងជំងឺ COVID-19ដែរឬទេនៅកូរ៉េខាងជើង ស្របពេលដែលគ្មានសេចក្តីរាយការណ៍ផ្លូវការពីករណីឆ្លងនោះ។
គួរឲ្យដឹងថា កូរ៉េខាងជើង បានបិទផ្លូវអន្តរជាតិរបស់ខ្លួន កាលពីចុងខែមករា ដើម្បីបញ្ឈប់ជើងហោះហើរដឹកអ្នកដំណើរទាំងអស់ តាមក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Air Koryo៕ អត្ថបទ៖ សារ៉ាត់