អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ដែលនៅដំណើរការមួយចំនួននៅតំបន់ហ្កាហ្សា កំពុងស្លាប់ច្រើន ដោយសារតែការឆ្លងមេរោគ បណ្តាលមកពីកង្វះសម្ភារៈការពារ និងសាប៊ូ ទោះបីជាពួកគេរួចជីវិតពីការរងរបួសដោយការផ្ទុះគ្រាប់ ដ៏គួរឱ្យរន្ធត់ក៏ដោយ។

បុគ្គលិកសុខាភិបាល កំពុងប្រឈមមុខនឹងការសម្រេចចិត្តដ៏ពិបាក ដូចជាការបោះបង់ចោលក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ ដែលមានសភាពរលាកធ្ងន់ធ្ងរ ដោយសារខ្វះបង់រុំរបួស ហើយក្មេងនេះ អាចនឹងស្លាប់។

នេះគ្រាន់តែជាការភ័យព្រួយមួយចំនួន ដែលបានមើលឃើញដោយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជនជាតិអាមេរិក វិលត្រឡប់មកពីដែនដីប៉ាឡេស្ទីនវិញ ជាអ្នកដែលបច្ចុប្បន្នកំពុងបំពេញបេសកកម្មផ្សព្វផ្សាយអំពីអ្វីដែលពួកគេបានឃើញ និងដាក់សម្ពាធលើប្រទេសអ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ការសង្គ្រោះជីវិតបន្ថែមទៀត។
លោក Adam Hamawy អតីតគ្រូពេទ្យវះកាត់ក្នុងពេលប្រយុទ្ធរបស់កងទ័ពសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍មួយ បន្ទាប់ពីបេសកកម្មផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យអឺរ៉ុប តំបន់ហ្កាហ្សាកាលពីខែមុនថា ទោះបីជាបទឈប់បាញ់កើតឡើង ឬមិនកើតឡើងក៏ដោយ យើងត្រូវតែទទួលបានជំនួយមនុស្សធម៌ ហើយយើងត្រូវទទួលបានក្នុងចំនួនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ។
គ្រូពេទ្យវះកាត់មកពីរដ្ឋ New Jersey និយាយថា អ្នកអាចផ្តល់ឱ្យនូវអ្វីដែលអ្នកចង់ផ្តល់ អ្នកអាចបរិច្ចាគបានទាំងអស់។ ប៉ុន្តែប្រសិនបើព្រំដែននៅទីនោះ មិនបើកឲ្យមានជំនួយនោះចូលទេ វាគ្មានប្រយោជន៍ឡើយ។