រលកកម្ដៅខ្លាំងដែលថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពនៅទូទាំងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះក្នុងសប្តាហ៍នេះនៅតាមផ្នែកខ្លះនៃប្រទេសនេះ ដែលនាំមកនូវភាពធូរស្រាលបណ្តោះអាសន្នដល់ប្រជាជនអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពក្ដៅនេះ នៅតែបន្តប៉ះពាល់ដល់ជនគ្មានផ្ទះសម្បែង ដែលមានមធ្យោបាយតិច ក្នុងការគេចពីអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ។
ប្រព័ន្ធព័ត៌មានសុខភាពតាមដានរលកកម្ដៅជាតិអាមេរិក បាននិយាយនៅសប្ដាហ៍នេះថា ទោះបីជាមានការធូរស្រាលនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រជាជនពីតំបន់ទំនាបទៅភាគអាគ្នេយ៍នៅតែបន្តទទួលរងរលកកម្ដៅខ្លាំងដដែល ដោយសីតុណ្ហភាពឡើងដល់១០០ អង្សាហ្វារិនហៃ ឬ ប្រហែល ៣៧,៨ អង្សាសេ។

សេវាកម្មអាកាសធាតុជាតិ (NWS) បាននិយាយថា សីតុណ្ហភាព និងសំណើមខ្ពស់នឹងបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងកម្ដៅកើតឡើង ជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើការ រស់នៅ ឬចូលរួមក្នុងសកម្មភាពខាងក្រៅ។
ដោយពិចារណាលើការមកដល់ដំបូងនៃសីតុណ្ហភាពខ្ពស់នៅឆ្នាំនេះ ក្រុមអ្នកជំនាញរំពឹងថាចំនួនអ្នកស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅ នៅទូទាំងប្រទេសនេះក្នុងឆ្នាំនេះ អាចកើនឡើងលើសពីចំនួនអ្នកស្លាប់ឆ្នាំមុនដែលមាន២.៣០២នាក់៕