បាល់ទាត់៖ ខ្សែប្រយុទ្ធ Leeds United, Patrick Bamford បានចុះហត្ថលេខារយៈពេលវែង ៥ឆ្នាំដែលនឹងរក្សារូបគេនៅទឹកដី Elland Road ដល់ឆ្នាំ២០២៦។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបង្ហាញខ្លួនឱ្យ Leeds United សរុបបាន ១១១លើកហើយស៊ុតបញ្ចូលទី ៤៣គ្រាប់តាំងពីផ្ទេរពី Milddlesbrough នៅឆ្នាំ២០១៨ ក្នុងតម្លៃ ១០លានផោននៅពេលនោះ។

Bamford គឺជាសមាជិកដ៏សំខាន់របស់ Leeds ដែលនាំក្រុមឡើងមកកាន់ក្របខណ្ឌកំពូល English Premier League រដូវកាលមុនជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ។ ការបង្ហាញខ្លួនលើកដំបូងរបស់ Bamford នៅក្របខណ្ឌកំពូលគេរកបាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨លើក។ រដូវកាលមុន Leeds United បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៩ ដែលជាចំណែកមិនអាចខ្វះបានរបស់ Bamford ដែលធ្វើឱ្យត្រូវបានកោះហៅចូលក្នុងបញ្ជីកីឡាកររបស់លោក Gareth Southgate នៅក្រុមជំរើសជាតិអង់គ្លេសដើម្បីជ្រើសរើសទៅ Euro ២០២០។ កិច្ចសន្យាថ្មីរបស់ Bamford គឺបន្ទាប់ពីកីឡាករសំខាន់ ២រូបទៀតទើបតែបានប្តេជ្ញាចិត្តជាមួយក្លិបដែរនោះគឺ Stuart Dallas និងអ្នកចាំទី Illan Meslier៕
អត្ថបទ៖នាង សុភាវុធ